(ភ្នំពេញ)៖ អេស៊ីលីដា បានរួមចំណែកផ្តល់ភាពងាយស្រួលយ៉ាងច្រើន ដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ពិសេសសម្រួលដល់ការងារ ផ្នែកសេវាហិរញ្ញវត្ថុសាធារណៈមួយចំនួន ដូចជាការបើកប្រាក់បៀវត្សរ៍ បង់ថ្លៃទឹកភ្លើង និងបង់ពន្ធផ្សេងៗជាដើម។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលី ភីអិលស៊ី បានថ្លែងថា ធនាគារអេ​ស៊ីលីដា គឺជាធនាគារ​មួយ ​ក្នុងចំណោម​ធនាគារ ៤ឬ៥ ផ្សេងទៀត ដែល​អគ្គនាយក​ដ្ឋានពន្ធដារ ​នៃក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បាន​ជ្រើសរើស​ធ្វើជាដៃគូ ក្នុងការ​បំរើសេវា​បង់ពន្ធ​ផ្សេងៗ ដោយពលរដ្ឋ​អាចបង់​ពន្ធ​ចលនទ្រព្យ​ និង​អចលនទ្រព្យ ​បាននៅ​គ្រប់​បញ្ជរ​របស់​ធនាគារ​អេស៊ីលីដា។

លោកបណ្ឌិត បានបន្តថា ពលរដ្ឋ​ក៏បាន​ប្រើប្រាស់​អេស៊ីលី​ដាយូនីធីទាន់​ចិត្ត ក្នុងការ​ជួយកាត់​បន្ថយ​ការចំណាយ​ពេលវេលា ដោយអាច​បង់នៅ​ទីណា​ក៏បាន​ហើយមិន​ពិបាក​ក្នុងការ​កាន់សាច់​ប្រាក់​សុទ្ធមក​កាន់​ធនាគារ​នោះទេ ព្រោះថា​ការបង់ពន្ធ​ត្រូវធ្វើ​ឡើង​ជា​ប្រាក់រៀល។ ក្រៅពីនេះ អេស៊ីលីដា​ក៏បាន​ផ្តល់ភាព​ងាយស្រួល​ក្នុងការបើក​ប្រាក់បៀវត្សរ៍​ដល់មន្ត្រី​រាជការ​ទាំងថ្នាក់​ជាតិ និង​ថ្នាក់ក្រោមជាតិ​ជាដើម ដែលត្រូវធ្វើការ​បើក​ប្រាក់បៀវត្សរ៍ ​២ដង​ក្នុង១ខែ។

ក្រៅពីជួយ​សម្រួលបាន​ច្រើន ​ក្នុង​វិស័យរដ្ឋហើយ អេស៊ីលីដា ក៏បាន​សម្រួល​ដល់ការ​បើកប្រាក់​បៀវត្សរ៍​​របស់កម្មករ​កម្មការិនី ​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និងវាយ​នភណ្ឌ ដោយបាន​ចុះអនុស្សារណៈ​ ជាមួយសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ដែលមាន​រោងចក្រ​ប្រមាណ​ជាង៦០០រោងចក្រ។ តែមុន​នឹងធ្វើការ​ចុះអនុស្សារណៈ​យោគយល់​គ្នា ​ជាមួយ​សមាគម ធនាគារនេះ ក៏បាន​ធ្វើការងារ​លើការ​បើកប្រាក់​បៀវត្សរ៍​ជាមួយរោងចក្រ​ប្រមាណជាង​២៥០​រោងចក្រ​រួចមក​ហើយដែរ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​រូបនេះ បាន​បន្ថែមថា កាលពីមុន​ត្រូវចំណាយ​ពេល រហូត​ដល់មួយ​ម៉ោង ​ដើម្បី​បញ្ជូល​ទិន្នន័យ​នៅក្នុង​គណនី​នីមួយៗ តែបច្ចុប្បន្ន​នេះ មានការ​ផ្លាស់ប្តូរ​ច្រើន គឺលឿន​ជាងមុន ដែលចំណាយ​ពេល​តែ​៥ទៅ៦នាទី អាចដំណើរការ​ទិន្នន័យ​នៅក្នុងគណនី​ដល់ទៅ ៣០ម៉ឺន​គណនីឯ​ណោះ ដោយសារតែ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប។

បើទោះបីជា​អេស៊ីលីដា បានចាប់​ផ្តើមប្រែ​ក្លាយ​ធនាគារ​របស់ខ្លួន ​ឲ្យ​ទៅធនាគារ​ឌីជីថល​ក៏ដោយ ក៏ថ្នាក់​ដឹកនាំ​ធនាគារនេះ​ មិនមាន​គម្រោង​កាត់​បន្ថយ​បុគ្គលិក​របស់​ខ្លួនដែរ គឺមានតែ​បណ្តុះ​បណ្តាល​ចំណេះដឹង​​បន្ថែម​ដល់ធនធាន​មនុស្ស​ដែលស្រាប់​ ឲ្យ​ចេះគ្រប់គ្រង​លើប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងនោះ។ ទាំងនេះគឺ​ជាអ្វី​ដែល​អេស៊ីដា​ បាន​រួមចំណែក​ជាមួយ​នឹង​វិស័យ​សាធារណៈ និងវិស័យ​ឯកជន៕