(កំពង់ស្ពឺ)៖ នៅថ្ងៃ៥ ខែមីនា ឆ្នាំ២០១៩ ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពង្រឹងការអនុវត្តផែនការស្តីពី ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ពិធីនេះមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរទាំង៥ នាយការិយាល័យ និងជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័ត កម្លាំងត្រៀមអន្តរាគមន៍ទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ៣០នាក់ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

តំណាងនាយឧត្តមសេនីយ៍ សៅ សុខា លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំឲ្យមេបញ្ជាការចាត់តាំងកម្លាំងឃ្លាំមើល ទីតាំងដែលលួចលាក់ប្រព្រឹត្តបទល្មើសព្រៃឈើ ឬកន្លែងដែលលួចស្តុបផលអនុផលព្រៃឈើ ដោយខុសច្បាប់ និងពិនិត្យឲ្យបានច្បាស់លាស់ចំពោះអ្នកប្រព្រឹត្តបទល្មើស និងជនពាក់ព័ន្ធ ហើយប្រើវិធានការច្បាប់ឲ្យបានរឹងមាំបំផុត និងចំគោលដៅ។

លោកក៏បានដាក់ផែនការ ឲ្យប្រឹងប្រែងបង្ក្រាប, ស្រាវជ្រាវការរុករានទន្ទ្រានយកដីរដ្ឋ ដែលប្រើប្រាស់រូបភាពបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដោយកាប់ឈើបំផ្លាញដល់ឬស្សគល់តែម្តង។
លោកបានបន្តទៀតថា កងកម្លាំងទាំងអស់ជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវប្រមូលព័ត៌មានដើម្បីចងក្រងឯកសារច្បាប់ ចំពោះជនសង្ស័យពាក់ព័ន្ធការប្រព្រឹត្តបទល្មើសព្រៃឈើ ធានាផ្លូវច្បាប់ទៅកាន់ស្ថាប័នតុលាការ។ កន្លងមក ជាគោលការណ៍ កម្លាំងរបស់កងរាជអាវុធហត្ថ តែងប្រើវិធានការអប់រំច្រើនដោយផ្នែកលើទិដ្ឋភាពសង្គម ហើយផ្តោតសំខាន់ទៅលើ ក្រុមឈ្មួញកណ្តាល និងបញ្ជៀសឲ្យបាន ចំពោះប្រជាជនដែលរកស៊ីទទួលទានមានកម្រឹតតិចតួច ដើម្បីជីវភាពប្រចាំថ្ងៃ តែក៏ត្រូវទទួលបានការអប់រំ និងធ្វើកិច្ចសន្យាផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា កងរាជអាវុធហត្ថ បានត្រៀមជាប្រចាំដើម្បីចូលរួមបង្ក្រាបរាល់ការដឹកជញ្ជូន ធនធានធម្មជាតិដោយខុសច្បាប់ក្មុងភូមិសាស្ត្រ។

បើតាមមេបញ្ជាការ នៅដើមឆ្នាំ២០១៩នេះ កម្លាំងខេត្តកំពង់ស្ពឺ បង្ក្រាបបានចំនួន២លើក និងរឹបអូសបានឈើចំរុះ៣៤,៩៨ម៉ែត្រគូប ម៉ាស៊ីនរ៉ៃបញ្ឈចំនួន០២គ្រឿង និងថាសចំនួន ០១គ្រឿង សព្វថ្ងៃរក្សាទុកនៅជំនាញ។

លោកមេបញ្ជាការបន្តថា «បើទោះបីភូមិសាស្ត្រផ្ទៃដីមានសភាពស្មុកស្មាញ និងជាតំបន់ព្រៃភ្នំដាច់ត្រយាល ស្ថានភាពផ្លូវលំបាក ដែលជាការងាយស្រួលដល់ការប្រព្រឹត្តបទល្មើស ទោះជាបែបនេះក្តី កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅតែបានធ្វើការបង្ក្រាបបទល្មើសធនធនធម្មជាតិ ដែលឈ្មួញបានលួចប្រព្រឹត្តនៅតាមតំបន់ព្រៃស្ងាត់ និងដឹកតាមរថយន្តឆ្លងកាត់តាមផ្លូវ ដោយខុសច្បាប់ផងដែរ»៕

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារ សន្តិសុខ និងបង្ក្រាបបទល្មើស តំណាងដ៍ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស