(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានទិញ និងចែកទឹកជូនប្រជាពលរដ្ឋ ដែលកង្វះទឹកប្រើប្រាស់ចំនួន២ភូមិ ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ពលរដ្ឋដែលទទួលបានទឹកប្រើប្រាស់ បានឲ្យដឹងថា ពួកគាត់ដែលរស់នៅភូមិពាមក្រសោប ឃុំពាមក្រសោប មានការសប្បាយចិត្តព្រោះរយៈពេលជាង២ខែហើយ ពួកគាត់គ្មានទឹកប្រើប្រាស់ទេ ប៉ុន្តែ១រយៈកន្លងមក ពួកគាត់បានទិញទឹកប្រើប្រាស់ ដែលមានគេដឹកលក់តាមទូក និងរថយន្ត ហើយអាជ្ញាធរក៏ចុះចែកជាបន្តបន្ទាប់ដែរ។

តែយ៉ាងណានោះ រយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋក្នុងឃុំពាមក្រសោប អត់មានទឹកប្រើប្រាស់ ពួកគាត់បានរាយការណ៍ទៅអាជ្ញាធរភ្លាមៗ ពេលនោះអាជ្ញាធរបានចុះចែកទឹកបានភ្លាមៗ។ ជាក់ស្តែងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ លោក ហាក់ ឡេង អភិបាលស្រុក និងក្រុមការងារបានចុះមកចែកទឹកជូនប្រជាពលរដ្ឋ ដូចបំណងហើយទឹកដែលពួកគាត់ បានទទួលបាននេះ គាត់ត្រូវប្រើសន្សំសំចៃ និងចែករំលែកបន្តនៅបងប្អូនណា ដែលគាត់ខ្វះទឹកប្រើប្រាស់។

លោក ហាក់ ឡេង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ដោយទទួលព័ត៌មានអាជ្ញាធរភូមិ-ឃុំ និងប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ លោកបានទិញទឹក និងយកផ្តល់ជូនប្រជាពលរដ្ឋ ដែលខ្វះទឹកប្រើប្រាស់ប្រាស់ ដើម្បីដោះស្រាយក្នុងគ្រួសារបានមួយកំរិតផងដែរ។

លោក ហាក់ ឡេង បានបន្តថា ប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់មានចំនួន២ភូមិ ក្នុងឃុំពាមក្រសោបជាង៥០០គ្រួសារ។ ពួកគាត់មានទីលំនៅរស់នៅតាមដងព្រែក ដែលខ្វះទឹកប្រើប្រាស់ជាង២ខែមកហើយ។

លោកបានបញ្ជាក់ថា អាជ្ញាធរនឹងប្រឹងប្រែងបន្តចែកជូនប្រជាពលរដ្ឋ ដែលខ្វះទឹកប្រើប្រាស់ និងសូមឲ្យបងប្អូនត្រូវប្រើប្រាស់ទឹក ក្នុងលក្ខណៈសន្សំសំចៃព្រោះរដូវប្រាំងហើយ មានអាធាតុក្តៅខ្លាំង ផងដែរហើយមានរយៈពេលយូរអង្វែងណាស់ ទំរាំដល់រដូវវស្សាដូច្នេះសូមបងបប្អូនប្រយ័ត្នពីបញ្ហាសុខភាពជាចម្បង៕