(កំពង់ស្ពឺ)៖ សាលារៀនវ៉េស្ទឡាញន៍ សាខាទួលស្វាយព្រៃ (The Westline School, Toul Svay Prey Branch ) រួមនឹងសប្បុរសជនជាច្រើនរូប នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ បាននាំយកសម្ភារសិក្សា និងសម្លៀកបំពាក់មួយចំនួន ទៅចែកជូនប្អូនៗខ្វះខាតនូវសម្ភារ សិក្សាដែលឪពុកម្តាយ ឬអាណាព្យាបាលទីទាល់ក្រ ពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់ប្អូនៗ ស្ថិតនៅសាលាបឋមសិក្សាដូនម៉ៅរីករាយ ភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ថាបច្ចុប្បន្ន សាលាបឋមសិក្សាដូនម៉ៅរីករាយ មានសិស្សសរុបចំនួន១១២នាក់ (ស្រី៥២នាក់) ដែលបែងចែកជា៥កម្រិតថ្នាក់ ក្នុងនោះសិស្សថា្នក់ទី១ មានចំនួន ៤០នាក់, ថ្នាក់ទី២ចំនួន១៧នាក់, ថ្នាក់ទី៣ចំនួន ២៥នាក់, ថ្នាក់ទី៤ចំនួន ១៥នាក់ និងថ្នាក់ទី៥ចំនួន១៥នាក់ ។

ក្នុងឱកាសនោះប្អូនៗសិស្សានុសិស្សម្នាក់ៗ ទទួលបានសម្ភារសិក្សា១ឈុត មានកាបូបស្ពាយ១, សៀវភៅសរសេរ៥ក្បាល, ប៉ិច៤ដើម, ខ្មៅដែ២ដើម, ក្តារឆ្នួន១ឈុត, បន្ទាត់១ឈុត, អាហារសម្រន់មួយកញ្ចប់ធំ មាននុំប៉័ងបាក់យ៉ុង១ដើម នំដំឡូង១កញ្ចប់ ភេសជ្ជៈ១ដប និងថវិកា២០០០រៀល នឹងបានឧបត្ថម្ភជូនដល់សាលារៀនចំនួន ២០០,០០០រៀល, លោកនាយករង៥០,០០០រៀល, លោកគ្រូ អ្នកគ្រូចំនួន៥នាក់ ក្នុងម្នាក់ទទួលបានថវិកា៥០,០០០រៀល និងសៀវភៅគ្រូ១ឈុត សម្លៀកបំពាក់១កំប្លេ រួមនឹងប្រជាការពារ៦នាក់ ក្នុងម្នាក់ៗ១០,០០០រៀល សម្លៀកបំពាក់១កំប្លេ និងនំដំឡូងបារាំង៣កេះ ជាការលើកទឹកចិត្ត។ ក្រោយពីបានចែកជូនអំណោយសបប្បុរសធម៌ ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាដូនម៉ៅរីករាយរួចមក គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៃសាលារៀនវ៉េស្ទឡាញន៍ សាខាទួលស្វាយព្រៃ បានចូលរួមដាំកូនឈើនៅសាលាខាងលើនេះផងដែរ។

គួរបញ្ជាក់ផងដែរ ថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើវិស័យអប់រំ ដោយបង្ខិតសាលារៀនឲ្យជិតកូនសិស្ស ឬអាចនិយាយបានថាសាលារៀនរត់រកមនុស្ស និងដើម្បីពង្រឹងការសិក្សា ដល់សិស្សានុសិស្សឱ្យមានគុណភាព ទទួលបានធនធានមនុស្សល្អៗ ប្រកបដោយសមត្ថភាពចូលរួមចំនែក ក្នុងការអភិវឌ្ឍន៍ប្រទេស ឱ្យទទួលបានការរីកចម្រើនជាលំដាប់៕