(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្រោមអធិបតីភាពរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សន្និបាតនេះ ប្រារព្ធឡើងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។

សន្និបាទនេះ ក៏មានការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់ក្រសួង ក៏ដូចជាឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជា។ ក្នុងក្របខ័ណ្ឌនៃសន្និបាតប្រចាំឆ្នាំនេះ ក្រសួងការបរទេស នឹងពិនិត្យពីសមិទ្ធិផល និងការប្រឈមនានានៅក្នុងឆ្នាំ២០១៨ ព្រមទាំងកំណត់ទិសដៅ សម្រាប់ឆ្នាំ២០១៩ផងដែរ។

សន្និបាតប្រចាំឆ្នាំនេះ គឺជាឱកាសសម្រាប់អ្នកការទូតកម្ពុជា ដើម្បីពង្រីកចំណេះដឹងឲ្យ កាន់តែទូលំទូលាយ ឧទ្ទេសនាមដោយវាគ្មិនសំខាន់ៗ លើបញ្ហាជាសារវ័ន្តពាក់ព័ន្ធនឹង «យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា» «ការជំរុញការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌» និង «ជំហររបស់កម្ពុជា លើបញ្ហាការប្រែប្រួលអាកាសធាតុ» ដែលនឹងលើកកម្ពស់បន្ថែមទៀត ដល់ចំណេះដឹងជាក់ស្តែង ធ្វើឲ្យស៉ីជម្រៅកម្រិតវិភាគ និងការយល់ដឹងទូលំទូលាយ ដល់អ្នកការទូតកម្ពុជា ក្នុងការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី នៅក្នុងពិធីបិទសន្និបាត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩៕