(កំពង់ចាម)៖ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាមម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតដោយខ្លួនឯងជាមួយកាំភ្លើង AK នៅក្នុងប៉ុស្ដិ៍តែម្ដង ព្រោះតែតូចចិត្តមានជំងឺប្រចាំកាយ បណ្ដាលឲ្យស្លាប់ចោលប្រពន្ធទើបសម្រាលកូនបាន៣ខែ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រៃចារ ដែលស្ថិតនៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

មន្ដ្រីនគរបាលខាងលើនេះ ឈ្មោះ ស៊ុន ចាន់ពិសី ឋានន្ដរស័ក្ដិ អនុសេនីយ៍ទោ បានយកអាវុធ AK កាត់ស្វាយបាញ់សម្លាប់ខ្លួនឯងចំនួន១គ្រាប់ ចំលើស្នៀតផ្កាខាងស្តាំបណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ។

បើតាមមន្ត្រីនគរបាលប៉ុស្ដិ៍ ដែលរួមការងារជាមួយគ្នាបានបញ្ជាក់ថា មូលហេតុដែលជនរងគ្រោះរូបនេះបាញ់សម្លាប់ខ្លួន ដោយសារតូចចិត្តមានជំងឺប្រចាំកាយក្នុងខ្លួន។

ក្រោយពីការពិនិត្យរបស់ក្រុមជំនាញការងារនគរបាលព្រហ្មទណ្ឌ ជំនាញបច្ចេកទេសស្រុក និងខេត្តបញ្ជាក់ថា លោកអនុសេនីយ៍ទោ ស៊ុន ចាន់ពីសី បានបើកទូរយកអាវុធបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយបានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរជម្រាបថា លោកអនុសេនីយ៍ទោ ស៊ុន ចាន់ពិសី ត្រូវបានប្រជាពលរដ្ឋក្នុងស្រលាញ់ចូលចិត្តយ៉ាងខ្លាំង ក៏ព្រោះតែមន្ដ្រីរូបនេះ មានអត្ដចរិកស្លួតបួត និងចេះជួយយកអាសាគេឯង តែមិនគួរណាគាត់គិតខ្លីបែបនេះសោះ។ អ្វីដែលធ្វើឲ្យមហាជនស្រណេះទៀតនោះ គឺលោក ស៊ុន ចាន់ពិសី មាន់ភរិយាដែលទើបសម្រាលកូនបាន៣ខែប៉ុណ្ណោះ៕