(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសមាជិកសភាអាល្លឺម៉ង់ដឹកនាំដោយ លោក Manfred Grund នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក វង្សី វិស្សុត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃសមាជិកសភាអាល្លឺម៉ង់មកកាន់កម្ពុជា និងសូមជូនពរដល់គណៈប្រតិភូទទួលបាននូវជោគជ័យ និងសូមរីករាយនៅក្នុងឱកាសស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត មានប្រសាសន៍លើកឡើងថា ថ្វីត្បិតតែកម្ពុជានិងអាល្លឺម៉ង់ស្ថិតនៅឆ្ងាយពីគ្នាមែនពិត តែកម្ពុជានិងអាល្លឺម៉ង់មានប្រវត្តិនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរលុងណាស់មកហើយ ហើយឆ្នាំនេះ គឺជាខួបលើកទី៥២ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងអាល្លឺម៉ង់។ លោកបានបន្តទៀតថា ប្រទេសកម្ពុជាមិនអាចបំភ្លេចបានឡើយនូវតួនាទីរបស់អាល្លឺម៉ង់នៅក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ រហូតមក។ ជាក់ស្តែង គិតមកទល់នឹងពេលនេះ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី, អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញវត្ថុប្រមាណ ៦០០ លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៣ គឺអភិវឌ្ឍន៍ជនបទ, ការគាំពារសង្គម និងអភិបាលកិច្ច។ លោកសង្ឈឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតជាលំដាប់។

លោកបានបន្តថា នៅក្នុងរយៈពេល ២០ឆ្នាំមកនេះ កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរដ៏ធំធេងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ ជាក់ស្តែង កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាជាធម្យម ៧,៧% ក្នុងមួយឆ្នាំ ហើយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា WB និង IMF ជាដើម បានចាត់ទុកកម្ពុជាជាប្រទេសដែលមានកំណើនខ្ពស់ និងរឹងមាំ ហើយថែមទាំងត្រូវបានស្ថាប័នស្រាវជ្រាវលំដាប់ពិភពលោកដ៏ល្បីល្បាញ Mckensey របស់អាមេរិកផ្តល់ការវាយតម្លៃថា កម្ពុជាស្ថិតនៅក្នុងចំណោមក្រុមប្រទេសទាំង ១១ ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងលោកទៀតផង។ ប្រការនេះបានធ្វើឱ្យចំណូលមនុស្សម្នាក់ធៀបនឹង ផសស បានកើនឡើងជាង ៥ដង ពី ២៨៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០០០ ឡើងដល់ ១ ៥៤៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចត្រូវបានផ្លាស់ប្តូរពីការពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម ដោយសារចំណែកនៃវិស័យកសិកម្មក្នុងសេដ្ឋកិច្ចកាន់តែរួមតូចជាលំដាប់។ ការនាំចេញក៏បានកើនឡើងពីប្រមាណតែ ១,៣៩ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០០០ ឡើងដល់ជាង ១៣ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។

[Forwarded from FN_B. Bunsay]
លោកបានបន្តថា បើគិតពីទំហំពាណិជ្ជកម្មសរុបវិញ គឺបានកើនឡើងពីប្រមាណតែ ៣,៣៣ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០០០ ឡើងរហូតដល់ប្រមាណ ៣១,៦៣ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០១៨ កម្ពុជាបានទទួលភ្ញៀវទេសចរប្រមាណជាង ៦ លាននាក់ ធៀបទៅនឹងឆ្នាំ ២០០០ ដែលមានត្រឹមតែជាង ៤ សែននាក់ប៉ុណ្ណោះ។ ជាងនេះទៅទៀត កម្ពុជាសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈស្ថិរភាពនៃអត្រាប្តូរប្រាក់ និងអត្រាអតិផរណាមានកម្រិតទាប់ ស្ថិតក្នុងរង្វង់ប្រមាណ ៣% ជាប់ជាប្រចាំ។ អត្រានៃភាពក្រីក្របានធ្លាក់ពីប្រមាណ ៥៣,៥% ក្នុងឆ្នាំ២០០៤ មកប្រមាណ ១៣,៥% ក្នុងឆ្នាំ២០១៤ ហើយបើតាមការវាយតម្លៃជាបឋម អត្រានៃភាពក្រីក្របានធ្លាក់ចុះមកក្រោម ១០% នៅក្នុងឆ្នាំ២០១៨។ មេគុណជីនីដែលបានធ្លាក់ចុះជាបន្តបន្ទាប់ពី ០,៣៨០ ក្នុងឆ្នាំ២០០៤ និង ០,២៩៥ ក្នុងឆ្នាំ២០១៤នោះ ក៏កាន់តែមានភាពប្រសើរឡើងថែមទៀតនៅក្នុងឆ្នាំ២០១៨នេះ។ ប្រការនេះ គូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំប៉ុណ្ណោះទេ តែកំណើននេះក៏កាន់តែមានបរិយាប័ន្ន។ ទន្ទឹមនឹងនេះ កម្ពុជាក៏សម្រេចបាននូវការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈយ៉ាងល្អប្រសើរផងដែរ។ ជាក់ស្តែង ចំណូលចរន្តថវិកាជាតិបានកើនឡើងពីប្រមាណតែជាង ៣០០ លានដុល្លារ ឬប្រមាណ ១០% នៃ ផសស ក្នុងឆ្នាំ២០០០ ឡើងដល់ជាង ៥ ពាន់លានដុល្លារអាមេរិក ឬប្រមាណជាង ២០% នៃ ផសស ក្នុងឆ្នាំ២០១៨ ក្នុងខណៈដែលចំណាយថវិកាជាតិបានកើនឡើងពីប្រមាណតែ ៥០០ លានដុល្លារ រហូតដល់ប្រមាណជាង ៦ ពាន់លានដុល្លារអាមេរិកនៅក្នុងរយៈពេលដូចគ្នា។ ឱនភាពថវិការដ្ឋស្ថិតក្នុងរង្វង់ ៥% នៃ ផសស។ គិតត្រឹមឆ្នាំ២០០០ កម្ពុជាពុំធ្លាប់មានអតិរេកថវិកាចរន្ត និងប្រាក់សន្សំរបស់រាជរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ យើងសម្រេចបាននូវអតិរេកថវិកាចរន្តក្នុងរង្វង់ប្រមាណ ៣% នៃ ផសស និងមានប្រាក់សន្សំរបស់រាជរដ្ឋាភិបាលប្រមាណជាង ១៤% នៃ ផសស ក្នុងឆ្នាំ២០១៨។ គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ, ចំណូលថវិកាជាតិត្រូវបានកើនឡើងជាង ២ ដង ហើយចំណាយថវិកាជាតិត្រូវបានបង្កើន ១,៨ ដង។ តែចំណាយលើវិស័យអប់រំបានកើនឡើង ៣,២ ដង, ចំណាយវិស័យសុខាភិបាលកើនឡើង ២,៥ដង និងវិស័យកសិកម្មកើនឡើង ៣ ដង ព្រមទាំងចំណាយវិនិយោគសាធារណៈដែលផ្តោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទកើនឡើង ២,៥ ដងផងដែរ។ ជាមួយគ្នានេះ កម្រិតនៃបំណុលសាធារណៈរបស់កម្ពុជានៅបន្តមានអនុបាតទាបបំផុតនៅក្នុងតំបន់។

លោកបានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលសម្រេចបានមកនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែយើងក៏នៅមិនទាន់ស្កប់ស្កលនោះដែរ ព្រោះសមិទ្ធផលទាំងនេះនៅផុសស្រួយនៅឡើយ។ ដូចនេះទាមទារឱ្យយើងត្រូវបន្តប្រឹងប្រែងថែមទៀតនៅលើផ្លូវត្រូវ ដើម្បីដោះស្រាយបញ្ហាប្រឈម និងចំណុចខ្សោយទាំងឡាយ។

លោក វង្សី វិស្សុត ក៏បានស្នើសុំឱ្យភាគីអាល្លឺម៉ង់ បង្កើនកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើវិស័យបណ្តុះបណ្តាលបច្ចេកទស និងវិជ្ជាជីវៈ ដោយសារម្យ៉ាងវិស័យនេះ គឺជាកត្តាគន្លឹះក្នុងការពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងម្យ៉ាងទៀត អាល្លឺម៉ង់មានឈានមុខគេលើវិស័យនេះស្រាប់ ហើយអាល្លឺម៉ង់ក៏ធ្លាប់បានជួយដល់ប្រទេសមួយចំនួនពាក់ព័ន្ធនឹងកិច្ចការនេះ ដូចជា សឹង្ហបូរីជាដើមផងដែរ។ កម្ពុជាក៏ចង់ក្លាយជាផ្នែកមួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបង្គុំនៃឧស្សាហកម្មរថយន្តរបស់ក្រុមហ៊ុនអាល្លឺម៉ង់នៅក្នុងតំបន់ និងពិភពលោកផងដែរ។ ទន្ទឹមនឹងនេះ ដោយសារអាល្លឺម៉ង់ក៏ជាទីផ្សារដ៏ធំរបស់កម្ពុជា ដូចនេះយើងអាចបន្តធ្វើការពិភាក្សារបន្ថែមនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មទ្វេភាគី។ ដោយឡែក ចំពោះបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ពីសហភាពអ៊ឺរ៉ុប, លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្ពុជាមិនចង់ពឹងផ្អែកលើ EBA រហូតទេ ពោលគឺកម្ពុជាចង់រំដោះខ្លួនពីការពឹងពាក់លើ EBA ហើយទោះមាន EBA ឬក៏គ្មាន EBA កម្ពុជានៅតែបន្តកសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់ល្អថែមទៀតជាមួយបណ្តាប្រទេសជាសមាជិកនៃសហភាពអ៊ឺរ៉ុបទាំងអស់។

នៅក្នុងជំនួបនេះដែរ លោក Manfred Grund ដែលជាប្រធាននៃគណៈប្រតិភូនៃសមាជិកសភាអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ និងការកោតសរសើ ចំពោះការរីកចម្រើនរបស់កម្ពុជា។ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទៅថ្ងៃមុខទៀត ភាគីអាល្លឺម៉ង់នឹងជួយគាំទ្រដល់កម្ពុជាបន្តទៀត ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនអាល្លឺម៉ង់អាចមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ លោកសង្ឈឹមថា ប្រទេសកម្ពុជាអាចមានសក្តានុពលច្រើនក្នុងការក្លាយខ្លួនជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរថយន្តរបស់អាល្លឺម៉ង់។ លោក Manfred Grund បានលើកឡើងថា «មុនពេលខ្ញុំមកដល់ទីនេះ ខ្ញុំទាន់បានដឹងទេ តែនៅពេលដែលខ្ញុំមកដល់ទីនេះ ខ្ញុំបានមើលឃើញពីការស្ថានភាពជាក់ស្តែងដែលបញ្ជាក់ថា កម្ពុជាកំពុងមានការកែប្រែ និងកំពុងតែធ្វើដំណើរទៅមុខ។ ដូចនេះ កម្ពុជាមិនគួរត្រូវបានគេបិទផ្លូវ ឬទទួលរងនូវទណ្ឌកម្មនោះទេ ដោយត្រូវតែបន្តជួយគាំទ្រដល់ការខិតខំប្រឹងប្រែងនេះតទៅមុខទៀត»