(ភ្នំពេញ)៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ បានចេញមុខការពារចំពោះការអំពាវនាវរបស់លោក ដែលសុំកុំឱ្យសមាជិកអតីតគណបក្សសង្រ្គោះជាតិ ជេរប្រមាថលើ បុគ្គលដែលទៅស្នើសុំសិទ្ធិធ្វើនយោបាយ។ នេះបើយោងតាមលោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។

ការចេញមុខការពារនេះបានធ្វើឡើងបន្ទាប់ពី សកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិ រួមមានដូចជា លោក សុភ័ណ្ឌ ឡារី និង កញ្ញា ស៊ិន ចាន់រ៉ូហ្សេត បានចេញវាយប្រហារលើការអំពាវនាវរបស់លោក ដែលសុំកុំឱ្យជេរប្រមាថ លើអ្នកដែលទៅស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ ថាជាចេតនាក្នុងការកម្ទេចព្រលឹងគណបក្សសង្រ្គោះជាតិ តាមរយៈការជំរុញឱ្យបុគ្គលទាំង១១៨នាក់ ដើរចេញពីអតីតបក្សនេះម្តងម្នាក់ៗជាដើម។

លោក អ៊ូ ច័ន្ទរ័ត្ន បានចាត់ទុកថា អ្នកវាយប្រហារលើរូបលោក គឺជាមនុស្សដែលទទួលវប្បធម៌លាបពណ៌ ដែលអ្នកនយោបាយបង្កើតឡើងជាច្រើនឆ្នាំមកហើយ។

លោកបានបញ្ជាក់ថា៖ «ទី១៖ ដោយសារតែបញ្ហាសីលធម៌ក្នុងសង្គម ទី២៖ អាចដោយសារតែផ្កាប់មុខខ្លាំងពេកទៅលើបុគ្គលដឹកនាំ ហើយទី៣៖ ប្រហែលជាការសាបព្រោះរបស់យើងនៅក្នុងសង្គម ដែលអាចក្លាយទៅជាវប្បធម៌មួយ ពិបាកនឹងកែប្រែ ម្ល៉េះហើយធ្វើឱ្យមនុស្សមិនយល់អ្វីក៏អាចជេរគេបានដែរ»។

លោកបានបន្តថា «ការជេរប្រមាថ តិះដៀល ប្រមាថមើលងាយ មិនមែនជាការរិះគន់ទេ វាជាការធ្វើឱ្យមនុស្សកើតកំហឹង អញ្ចឹងបើចង់ឱ្យសង្គមសុខបាន ទាល់តែយើងចាប់ផ្តើមកែប្រែវប្បធម៌បែបនេះ ប៉ុន្តែខ្ញុំមិនទោមនស្ស ព្រោះខ្ញុំមិនបានធ្វើអ្វីខុស ខ្ញុំអំពាវនាវដើម្បីឱ្យរក្សាភាពថ្លៃថ្នូរ ចំពោះសង្គមរបស់យើង ក៏ដូចជាប្រជាពលរដ្ឋ​ និងថ្នាក់ដឹកនាំរបស់យើងដែរ»

សម្រាប់ការទទួលយកសិទ្ធិធ្វើនយោបាយនោះ លោកយល់ឃើញយាងដូច្នេះថា៖ «វាជាសិទ្ធិបុគ្គល ប្រហែលជាគាត់មានហេតុផលផ្ទាល់ខ្លួនរបស់គាត់។ ខ្ញុំតែងប្រកាសជំហររបស់ខ្ញុំថា ទោះបីជាខ្ញុំមិនទទួលយកដោយស្នើសុំសិទ្ធិធ្វើនយោបាយក៏ដោយ ក៏ខ្ញុំគោរពអ្នកដែលសម្រេចចិត្តទទួលសិទ្ធិវិញដែរ ព្រោះជាហេតុផល របស់បុគ្គល ហើយសម្រាប់ខ្ញុំ គឺខ្ញុំយល់ថា នេះអត់មានអ្វីខុសទេ គឺទទួលយកសិទ្ធិវិញ គឺជាហេតុផលបុគ្គល»

ភាពចម្រូងចម្រាស់របស់ លោក អ៊ូ ច័ន្ទរ័ត្ន ជាមួយក្រុមអ្នកនិន្នាការសម រង្ស៉ី និយម បានកើតឡើង បន្ទាប់ពី លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញ បន្ទាប់ពីលោកដាក់លិខិតស្នើសុំទៅកាន់ក្រសួងមហាផ្ទៃ។

លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយ បន្ទាប់ពី លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ លោក ស៊ីម សុវណ្ណនី ស្ថិតនៅក្នុងលេខរៀងទី៤៤ នៃបញ្ជីហាមឃាត់ធ្វើនយោបាយរបស់តុលាការកំពូល៕