(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងខេត្ត ចូលរួមសហការជាមួយមន្ត្រីជំរឿន និងចូលរួមផ្តល់ព័ត៌មានពិតប្រាកដដល់មន្ត្រីជំរឿនឱ្យបានគ្រប់ៗគ្នា។

ការអំពាវនាវរបស់អភិបាលខេត្តត្បូងឃ្មុំរូបនេះ បានធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសលោកបានដឹកនាំមន្ត្រីជំរឿនខេត្ត ចុះអនុវត្តការជំរឿនទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា»

ជាមួយគ្នានេះដែរលោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមដំបូលសុខសន្តិភាពនិងការអភិវឌ្ឍន៍ ដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានយកចិត្តទុកដាក់ក្នុងការធ្វើជំរឿនទូទាំងប្រទេសនេះឡើង។

លោកគូសបញ្ជាក់ថា នេះជាការធ្វើជំរឿនលើកទី៤ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅបាននឹងកំពុង ធ្វើឡើងរៀងរាល់ ១០ឆ្នាំម្ដង ដើម្បីទទួលបានទិន្នន័យស្ថិតិប្រជាសាស្ត្រ ជាក់លាក់ប្រាកដប្រជា និងសុក្រឹត្យ សម្រាប់ប្រើប្រាស់ជាធាតុចូលក្នុងការរៀបចំតាក់តែង គោលនយោបាយជាតិឱ្យបានត្រឹមត្រូវ និងដើម្បីធ្វើជាសូចនាករក្នុងការតាមដានត្រួតពិនិត្យ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់កម្ពុជា២០១៦-២០៣០ ដោយមិនទុកឱ្យនរណាម្នាក់នៅឯកការឡើយ។

អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាជនទូទាំងខេត្តត្បូងឃ្មុំ សូមគាំទ្រសហការ និងចូលរួមក្នុងកិច្ចការដ៏មានសារៈសំខាន់នេះ ឱ្យបានគ្រប់ៗគ្នា ប្រកបដោយភាពស្មោះស្ម័គ្រ គ្រប់គ្រាន់ត្រឹមត្រូវ សុក្រឹត្យ និងស្មោះត្រង់ ក្នុងការផ្ដល់ព័ត៌មានតាមរយៈកិច្ចសម្ភាសន៍របស់មន្ត្រីជំរឿន ដើម្បីជាមូលដ្ឋាននៃការកសាងផែនការអភិវឌ្ឍប្រទេសជាតិរបស់យើងទាំងអស់គ្នា។

តាមការបញ្ជាក់របស់លោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការធ្វើជំរឿនមាន២០០៤មណ្ឌល មានមន្ត្រីអនុវត្តចំនួន ២,០០៤នាក់ មន្ត្រីត្រួតពិនិត្យចំនួន៥០៧ នាក់ និងមន្ត្រីបំរុងចំនួន៤០នាក់។ ក្នុងការធ្វើជំរឿនសម្រាប់ខេត្តត្បូងឃ្មុំ មានចំនួន៨៧២ភូមិ ៦២ឃុំ ស្រុក\ក្រុងទាំង៧ ទូទាំងខេត្តត្បូងឃ្មុំ។

ដោយឡែកនារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានផ្តល់បទសម្ភាសរួចហើយផងដែរ ដល់ក្រុមមន្រ្តីជំរឿនខេត្ត ដែលដឹកនាំលោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្តត្បូងឃ្មុំ នៅគេហដ្ឋានរបស់លោកនៅភូមិដងកាំបិទ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕