(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក មូន ចេអ៉ិន នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយនិងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សេចក្តីប្រកាសបានឱ្យដឹងថា លោកប្រធានាធិបតី មូន ចេអ៉ិន និងសម្តេចតេជោ ហ៊ុន សែន នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាសាក្សីក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នា។

លោកប្រធានាធិបតី មូន ចេអ៉ិន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏រំពឹងថានឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ។

ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់លោកប្រធានាធិបតីមូន ចេអ៊ីន គឺជាព្រឹតិ្តការណ៍ ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅ៕