(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តប៉ៃលិន បានស្នើដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តទាំងអស់ រួមទាំងវិស័យឯកជន ដូចជា ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ សូមចូលរួមសហការជាមួយមន្ត្រីជំរឿន ក្នុងការធ្វើការសម្ភាសន៍ និងស្រង់ព័ត៌មានជំរឿនឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីធ្វើឱ្យដំណើរការជំរឿនឆ្នាំ២០១៩នេះ ទទួលបានជោគជ័យ ទៅតាមផែនការគ្រោងទុក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក ផាន់ ចាន់ធុល និងក្រុមការងារ និងមន្ត្រីជំរឿន ចុះធ្វើការជំរឿនទូទៅប្រជាជនកម្ពុជា ខេត្តប៉ៃលិន នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩។

លោក ផាន់ ចាន់ធុល បានបន្តថា ដើម្បីឱ្យការធ្វើជំរឿនទទួលបានលទ្ធផល ប្រកបដោយជោគជ័យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដែលចាប់ផ្ដើមនៅថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការធ្វើជំរឿននេះ វាមានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស ជាពិសេសគឺទទួលបានទិន្នន័យ ប្រជារាស្ត្រពិតប្រាកដ របស់ប្រទេស និងជួយឱ្យរដ្ឋាភិបាលអាចរៀបចំតាក់តែង គោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឱ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ពីព្រោះទិន្នន័យជំរឿននឹងផ្តល់ជាសូចនាករ តាមដានត្រួតពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរការ ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដែលមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់១៣ ខែមីនា ឆ្នាំ២០១៩៕