(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញដល់បុគ្គលពេទ្យទូទាំងប្រទេស ត្រូវពង្រឹងនូវសមត្ថភាពសិក្សាស្រាវជ្រាវ ឲ្យស្របទៅនឹងសម័យ បច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវគុណភាពកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។

ការថ្លែងបែបនេះរបស់លោកស្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសដែលមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៨ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស»។

លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្ដថា «បច្ចុប្បន្ននេះ ប្រទេសជាតិយើង បាននឹងកំពុងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ជាក់ស្ដែងវិស័យសុខាភិបាល ដោយយើងបានបំពាក់នូវសម្ភារ ប្រើប្រាស់បច្ចេកទេសទំនើប បែបប្រព័ន្ធអេឡិចត្រូនិច ដូចនេះប្អូនៗដែលជាក្រុមគ្រូពេទ្យជំនាន់ក្រោយ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាពសិក្សាស្រាវជ្រាវដើម្បីដើរទាន់សម័យ កាលនេះ»

លើសពីនោះ លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា «ដើម្បីឲ្យការងាររបស់យើង ឱ្យកាន់តែមានភាពរលូន និងទាន់សភាពការណ៍ ក្នុងការព្យាបាលអ្នកជំងឺ គឺត្រូវមានការការពារ និងការព្យាបាល ឱ្យដើរទន្ទឹមគ្នាជានិច្ច»

ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ ក៏បានថ្លែងកោតសរសើរដល់មន្ដ្រីសុខាភិបាល ដែលបានខិតខំប្រឹងប្រែង ក្នុងការវិវឌ្ឍន៍ខ្លួនបានយ៉ាងរហ័ស ទាំងសមត្ថភាពការងារ និងការព្យាបាលអ្នកជំងឺ ដោយមិនចាញ់ស្រុកគេប៉ុន្មាននោះទេ៕