(ភ្នំពេញ)៖ ភរិយារបស់លោក យិន សុវណ្ណី បានទទូចស្នើសុំឲ្យប្រធានសាលាដំបូងរាជធានីភ្នំពេញ ជួយពិនិត្យសំណុំរឿងរបស់ខ្លួនឡើងវិញ បន្ទាប់ពីមន្ត្រី នៃសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿង បានគប់គិតគ្នាបន្លំរឿងក្តីឲ្យលោកឡៅ ស៊ុនប៉ា ដើម្បីបំពានយកផ្ទះ១ខ្នងរបស់លោកស្រី ដែលមានតម្លៃ៥០ម៉ឺនដុល្លារអាមេរិក។

តាមរយៈអង្គភាពព័ត៌មាន Fresh News ភរិយារបស់លោក យិន សុវណ្ណី បានបញ្ជាក់នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះថា ផ្ទះរបស់លោកស្រី នឹងត្រូវរឹបអូសលក្ខណៈអនុវត្តដោយបង្ខំ នៅថ្ងៃទី០៦ ខែមីនា ខាងមុខនេះ តាមលិខិតលេខ២១ ចុះថ្ងៃទី០៣-០៤-២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ តែនេះជាសកម្មភាពបន្លំ។

លោកស្រី​ បានអះអាងថា ចៅក្រមទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជអាជ្ញារង និងមន្ត្រីអាជ្ញាសាលា ដែលកាន់សំណុំរឿងនេះ បានគប់គិតគ្នាបន្លំរឿងក្តី ដើម្បីចង់បានផ្ទះរបស់លោកស្រី ធ្វើឲ្យលោកស្រី ខាតបង់ពេលវេលាអស់៦ឆ្នាំ ខាតបង់ប្រាក់អស់ប្រហែល USD១.០០០.០០០ដុល្លារ (មួយលានដុល្លារអាមេរិក) បាត់បង់ទាំងសុខភាព ព្រមទាំងជះឥទ្ធិពល ដល់ការប្រកបអាជីវកម្មផងដែរ។

ជាមួយគ្នានេះ លោក ឈន សុភាន ជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ យិន សុវណ្ណី បានចេញមុខត្រៀមប្តឹងចៅក្រមទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជអាជ្ញារង និងមន្ត្រីអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញផងដែរ។ លោកមេធាវីបានបញ្ជាក់ថា តាមផ្លូវច្បាប់ អ្នកដែលកាន់សំណុំរឿងអនុវត្តដោយបង្ខំនេះ បានគប់គិតគ្នាបន្លំអត្ថន័យច្បាប់ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់កំពូលចំនួន៨ របស់ប្រទេសកម្ពុជា។

លោក ឈន សុភាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចៅក្រមទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជអាជ្ញារង និងមន្ត្រីអាជ្ញាសាលា ដែលកាន់សំណុំរឿងអនុវត្តដោយបង្ខំនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសងសំណងជំងឺចិត្ត និងប្រាក់កាក់ទាំងអស់ដែលកូនក្តីខ្ញុំ (យិន សុវណ្ណី) បានខាតបង់ដោយសារតែការចំណាយ ទៅលើរឿងក្តីនេះ ដែលជាសំណុំរឿងរំលោភបំពាន ច្បាប់កំពូលទាំងចំនួន៨ បង្កឡើងដោយចៅក្រមទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជអាជ្ញារង និងមន្ត្រីអាជ្ញាសាលា នៃរឿងក្តីនេះ»

ខាងក្រោមនេះជាវីដេអូពន្យល់លំអិតផ្នែកច្បាប់របស់លោកមេធាវី ឈន សុភាន៖