(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ឲ្យដឹងថា ត្រឹមចុងខែមករា ឆ្នាំ២០១៩ កម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទចល័ត ១៩,៤៩៨,៨៣១ស៊ីមកាត ត្រូវនឹង១១៧% ធៀបជាមួយចំនួនប្រជាជនសរុបជាង១៦លាននាក់ ខណៈចំនួនទូរស័ព្ទអចល័ត (ប្រើប្រាស់ខ្សែ និងឥតប្រើប្រាស់ខ្សែ) សរុប៨៦,៣៥៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា សម្រាប់ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតចល័ត នៅកម្ពុជាមានចំនួនសរុប ១៣,៦៨៧,១៥៧ស៊ីមកាត ត្រូវនឹង ៨២.៦១% ធៀបជាមួយចំនួនប្រជាជនសរុប ដែលប្រតិបត្តិការដោយ៧ក្រុមហ៊ុន (ក្រុមហ៊ុនទូរស័ព្ទចល័តចំនួន៦ ក្នុងចំណោម៧នេះ គឺជាអ្នកផ្តល់សេវាអ៊ីនធឺណិតចល័ត)។ សម្រាប់ចំនួនអ៊ីនធឺណិតអចល័តវិញ មានចំនួនសរុប១៧២,៤១៤នាក់ ត្រូវនឹង១.០៤% ដែលប្រតិបត្តិការដោយ៣៤ក្រុមហ៊ុន។

និយ័តករទូរគមនាគមន៍កម្ពុជាបានបញ្ជាក់ទៀតថា​ ចំពោះគណនីបណ្តាញសង្គម Facebook នៅកម្ពុជាមានអ្នកប្រើប្រាស់ចំនួនសរុបប្រមាណជា ៧លានគណនី។ ដោយឡែកគេហទំព័រ .kh មានចំនួនសរុប ៣,៤៦១ គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០១៩ ដែលក្នុងនេះ មានគេហទំព័ររបស់បណ្តាក្រុមហ៊ុន (.com.kh) ចំនួន ២,៧៣៩ គេហទំព័ររបស់បណ្តាក្រសួង ស្ថាប័នរដ្ឋ (.gov.kh) ចំនួន ២១៧ គេហទំព័ររបស់គ្រឹះស្ថានអប់រំ (.edu.kh) ចំនួន ២២៨ គេហទំព័ររបស់បណ្តាអង្គការ (.org.kh) ចំនួន ២២៨ គេហទំព័ររបស់បណ្តាក្រុមហ៊ុនទូរគមនាគមន៍ (.net.kh) ចំនួន៤០ និងដទៃទៀតចំនួនប្រមាណ១០៕