(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីក្រើនរំលឹក ដល់សាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់មេត្តាជ្រាបថា ករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេស ក្នុងដើមឆ្នាំ២០១៩នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ច្រើនជាងឆ្នាំ២០១៨កន្លងទៅ បើប្រៀបធៀបទៅនឹងពេលវេលាដូចគ្នា។ នេះបើតាមសេចក្តីក្រើនរំលឹករបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមីនា​ ឆ្នាំ២០១៩នេះ។

កត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលបង្កឱ្យមានជំងឺគ្រុនឈាមនោះ គឺបំរែបំរួលអាកាសធាតុ និងវត្តមានជម្រកមូសខ្លា នៅតាមផ្ទះសម្បែង ឬទីធ្លា
សាធារណៈ។ តាមការវិភាគអេពីដេមីសាស្ត្រ និងការប៉ាន់ប្រមើលលើស្ថានភាពជំងឺគ្រុនឈាមរបស់អង្គការសុខភាពពិភពលោក បង្ហាញថាជំងឺគ្រុនឈាម ប្រហែលជាអាចនឹងផ្ទុះឡើង នៅក្នុងឆ្នាំ២០១៩នេះ ដែលតម្រូវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តន៍វិធានការមានដូចខាងក្រោមដើម្បីចៀសផុតពីភាពអាចមានការផ្ទុះឡើងនូវជំងឺគ្រុនឈាម នៅក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត។

ក្រសួងសុខាភិបាល បានឱ្យដឹងថា ជំងឺគ្រុនឈាម ជាជំងឺអាចកើតឡើងលើមនុស្សគ្រប់វ័យ ដែលបង្កឡើងដោយមូសខ្លាញីខាំបឺតឈាម
អ្នកដែលមានវីរុសនឈាម ចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត។ មូសខ្លា កកើតកូនចៅនៅក្នុងទឹកថ្លាស្អាត និងចូលចិត្តរស់នៅជិតមនុស្ស ហើយហើរក្នុងចំងាយមិនលើសពី១៥០ម៉ែត្រពីជម្រកកកើតមូស។ ជំងឺគ្រុនឈាមមានរោគសញ្ញាដូចតទៅ៖ ២ទៅ៣ថ្ងៃក្រោយពីមូសខ្លាញីខាំ អ្នកជំងឺមានក្តៅខ្លួនពី ៣៩ ទៅ ៤០ អង្សារសេអមដោយរោគសញ្ញាផ្សេងៗទៀតដូចជា មុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬកួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមចិញ្ចាញធ្មេញជាដើម។

យោងតាមការស្រាវជ្រាវបាណកសាស្ត្រ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល រួមសហការជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត បានបញ្ជាក់ឱ្យឃើញថាមូសខ្លាចូលចិត្តពង និងបង្កបង្កើតកូនចៅ ក្នុងសំបកកង់ឡាននិងសំបកកង់ម៉ូតូចាស់ៗ ចំនួន១១ដង ច្រើនជាងវត្ថុដក់ទឹក ឬដាក់ទឹកផ្សេងៗ។ នៅក្នុងខែមករា ឆ្នាំ២០១៩កន្លងមកនេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានធ្វើការអង្កេតបាណកសាស្ត្រនៅតាមទីតាំងដែលជ្រើសរើសសម្រាប់ធ្វើការសិក្សា និងពិនិត្យតាមដានស្ថានភាពមូសខ្លាក្នុងរាជធានីភ្នំពេញ នារដូវប្រាំងនេះ ដែលលទ្ធផលបានបង្ហាញឱ្យឃើញថាមូសស្ទើរតែទាំងអស់សុទ្ធតែ ជាមូសអង្កាម៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីក្រើនរំលឹករបស់​ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖