(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ឆាយ​ ថន រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅកម្ពុជាឆ្នាំ២០១៩ បានថ្លែងសារអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមជំរឿនឲ្យបានគ្រប់ៗគ្នា ព្រោះការធ្វើជំរឿនប្រជាជន ជាការងារដ៏ធំរបស់ប្រទេសជាតិ មានសារៈសំខាន់ណាស់។ នេះបើយោងតាមសារអំពាវនាវដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ។

ទេសរដ្ឋមន្ត្រី ឆាយ​ ថន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការណែនាំជាប្រចាំពី សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅកម្ពុជា ឆ្នាំ២០១៩។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមស្ថាប័នអនុវត្តន៍ផ្ទាល់ ការងារជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ខ្ញុំសូមអំពាវនាវជូនដល់សម្តេច អ្នកឧកញ៉ា លោក លោកជំទាវ លោក លោកស្រី មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ វិស័យឯកជន ម្ចាស់ការស៉ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនក្នុងក្រុង ក្រុមហ៊ុនក្នុងព្រៃ និងម្ចាស់ទីកន្លែងដ៏ទៃទៀត ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ការធ្វើជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុង ចាប់ផ្តើមពីថ្ងៃទី០៣ ខែមីនានេះ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩»

«ខ្ញុំសូមអំពាវនាវការធ្វើជំរឿនប្រជាជន ជាការងារដ៏ធំរបស់ប្រទេសជាតិ មានសារៈសំខាន់ណាស់ ហើយជាការងារស្ថិតិពិតប្រាកដ។ ការធ្វើជំរឿនប្រជាជន ជាការងារដែល ប្រទេសទាំងអស់នៅលើពិភពលោក គេធ្វើគ្រប់ៗគ្នា»។ នេះបើតាមទេសរដ្ឋមន្ត្រី ឆាយ​ ថន បានបញ្ជាក់បន្ថែម។

ការធ្វើជំរឿនប្រជាជនកម្ពុជានេះ នឹងអាចផ្តល់ទិន្នន័យប្រជាសាស្រ្ត ពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំ តាក់តែងគោលនយោបាយ បានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាពនៃការអភិវឌ្ឍ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។ ជំរឿនប្រជាជនគឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ អំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស។

អនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅរូបនេះ បានថ្លែងបន្តថា ជំរឿនប្រជាជន គឺអនុវត្តន៍លើវិសាលភាពពេញផ្ទៃប្រទេស ដែលអាចផ្តល់ព័ត៌មាន អំពីប្រជាជនក្នុងមូលដ្ឋាន រហូតដល់មូលដ្ឋានថ្នាក់ទាបបំផុត ដែលជាតម្រូវការ មិនអាចមានប្រភពទិន្នន័យណា មកជំនួសបាន។ ទិន្នន័យជំរឿននឹងផ្តល់ជាសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ។

បើតាមទេសរដ្ឋមន្ត្រី ឆាយ ថន ការកាត់បន្ថយភាពក្រីក្រ ការគិតគូរកំណើនសេដ្ឋកិច្ច ត្រូវមានទិន្នន័យជំរឿន។ ការទទួលបានការអភិវឌ្ឍន៍ទាំងអស់គ្នា នៅឆ្នាំ២០៣០ ដោយមិនទុកអ្នកណាម្នាក់ចោលនោះ ត្រូវចាប់ផ្តើម គិតគូររាប់បញ្ចូលប្រជាពលរដ្ឋទាំងអស់នៅ ក្នុងជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ទាំងក្មេង ចាស់ ប្រុស ស្រី មន្រ្តីរាជការ សម្តេច អ្នកឧកញ៉ា មន្រ្តីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ ជនជាតិដើមភាគតិច ជនជាតិបរទេស ជនពិការ ជនអត់ផ្ទះសំបែង ជនអាណាថា ត្រូវរាប់សម្ភាសជំរឿន ឲ្យអស់ដើម្បីពួកគាត់ ទទួលបានការអភិវឌ្ឍ ប្រកបដោយសមធម៌ និងដែលនាំឲ្យប្រទេសជាតិ សម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនាំទៅឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍៕