(ភ្នំពេញ)៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ គឺជាទិវាវប្បធម៌ជាតិលើកទី២១។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook បានចូលរួមអបអរសាទរនូវទិវាដ៏មានសារៈសំខាន់សម្រាប់វប្បធម៌របស់ជាតិកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកថា ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេសជាតិ។ សម្តេចតេជោបន្តថា ជា​និច្ចកាល រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​រៀបចំ​ប្រារព្ធ​ពិធី​នេះជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល​នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​នូវ​កេរ​មរតក​វប្បធម៌ និង​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ជាការ​ជំរុញ និង​ផ្សព្វផ្សាយ ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស ​និង​ទេពកោសល្យ​វប្បធម៌ ក៏ដូចជា​ការ​ក្រើនរម្លឹកបំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​យុវជន​ដែលជា​ទំពា​ង​ស្នង​ឫ​ស្សី​»