(កំពត)៖ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រជាធានគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានសម្រេចឯកភាពតាមការស្នើសុំរបស់ប្រជាពលរដ្ឋ៤៥គ្រួសារ នៅឃុំកោះតូច ស្រុកទឹកឈូ ពាក់ព័ន្ធជុំវិញការវាស់វែងចេញបណ្ណកម្មសិទ្ធិលើផ្ទៃដី៣១៥ហិកតា ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងកិច្ចប្រជុំនេះអភិបាលខេត្ត ជាវ តាយ បានថ្លែងថា នយោបាយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែមានការណែនាំ និងដឹកនាំ ដល់រដ្ឋបាលខេត្តដើម្បីជំរុញការអនុវត្ត បែងចែកដីជូនដល់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផល និងផ្តល់បណ្ណកម្មសិទ្ធិត្រឹមត្រូវជូនប្រជាពលរដ្ឋ នូវរាល់សំណូមពរទាំងឡាយណារបស់ពលរដ្ឋ ដែលមានការលំបាក ហើយជាតម្រូវការចាំបាច់នោះ រដ្ឋបាលខេត្តកំពតត្រូវដោះស្រាយជូនបន្ទាន់។

ទីតាំងដីរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងគម្របព្រៃឈើឆ្នាំ២០០២ មិនមានការពាក់ព័ន្ធជាមួយដីឧទ្យាជាតិព្រះមន្នីវង្សបូកគោឡើយ។ ដីដែលប្រជាពលរដ្ឋបានអះអាងថា បានកាន់កាប់អាស្រ័យផល គឺជាប្រភេទដីចម្ការ មានដើមអាកាស្សា ស្វាយចន្ទី លាយឡំជាមួយព្រៃបុស្ស និងព្រៃរបោះ ដែលមានរយៈកម្ពស់ពី២០ម៉ែត្រ ទៅ៨០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។

លោកអភិបាលខេត្ត បញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានសម្រេចឯកភាព នឹងរៀបចំឯកសារស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ផ្ដល់ជាកម្មសិទ្ធជូនប្រជាពលរដ្ឋទាំង៤៥គ្រួសារ ព្រោះរដ្ឋបាលខេត្តមិនអាចទុកបញ្ហានេះ ឲ្យរាំរ៉ៃទៅមុខទៀតឡើយ។

រដ្ឋបាលខេត្ត មិនមានគំនិតអ្វីទុករាល់សំណើរសុំរបស់ពលរដ្ឋដើម្បីសន្សំបញ្ហា ឲ្យប្រជាពលរដ្ឋមានការលំបាក់ទេ ប៉ុន្តែនីតិវិធីបន្តគឺ ក្រុមការងារនឹងរៀបចំចុះទៅពិនិត្យឲ្យបានជាក់លាក់ម្តងទៀតថា តើនៅលើដីនោះមានបញ្ហាទំនាស់ ឬជាដីមានម្ចាស់ជាន់គ្នាដែរឬទេ។

ក្នុងកិច្ចប្រជុំនេះផងដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រធានមន្ទីរពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្ត ពន្លឿន និងជំរុញធ្វើការងារនេះជូនពលរដ្ឋ ដែលជាម្ចាស់ដីគ្រប់គ្រងពិតប្រាកដតាំងពីយូរណាស់មកហើយ៕