(ភ្នំពេញ)៖ នៅសណ្ឋាគារភ្នំពេញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាស្តីពី «ដំណើរវិវឌ្ឍន៍ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ» ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Korea Shinhwa Logistic Service and LoDICS ក្រោមអធិបតីភាពលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងសិក្ខាសាលានោះ ក៏មានវត្តមានចូលរួមពីលោក-លោកស្រីតំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជន ដែលអញ្ជើញមកពីក្រសួងពាណិជ្ជកម្ម, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ធនាគារជាតិនៃកម្ពុជា, គណៈកម្មការមូលបត្រកម្ពុជា, ក្រុមប្រឹក្សាជាតិគណនេយ្យ, មជ្ឍមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជោ», សាលារាជធានីភ្នំពេញ, តំណាងធនាគារពាណិជ្ជកម្មធំៗចំនួន០៧, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង០៧, ក្រមហ៊ុនធានារ៉ាប់រងអាយុជីវិត និងទូទៅចំនួន០៧, សាកលវិទ្យាល័យចំនួន០៤, ក្រុមហ៊ុនជួញដូរឧបករណ៍និស្សន៍ចំនួន១០, សមាគមបច្ចេកវិទ្យា ហិរញ្ញវត្ថុបែបទំនើបកម្ពុជា, ក្រុមហ៊ុននវានុវត្តន៍ធុរកិច្ចថ្មី (Business Startup), សាស្រ្តាចារ្យ-ជំនាញការជនជាតិកូរ៉េ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុប១០០នាក់។

វិស័យហិរញ្ញវត្ថុបែបទំនើប បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យនេះ ក៏នៅតែជួបការលំបាកដោយសារ៖ ចំណេះដឹងផ្នែកបច្ចេកវិទ្យា, ចំណេះដឹងពាក់ព័ន្ធ នឹងហិរញ្ញវត្ថុឌីជីថល និងការយល់ដឹងរបស់អតិថិជននៅមានកម្រិត ព្រមទាំងភាពស្មុគស្មាញ នៃប្រតិបត្តិការហិរញ្ញវត្ថុ បែបទំនើបជាដើម ដែលជាមូលហេតុ ចំបងជំរុញឱ្យរាជរដ្ឋាភិបាល គិតគូរឡើងវិញ ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុបែបទំនើប ដែលជាបដិវត្តន៍ឧស្សាហកម្មទី៤.០ នៅកម្ពុជាឲ្យមានការរីកចំរើន តាមរយៈយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ និងឯកសារទស្សនាទានស្តីពី សារពើពន្ធអេឡិចត្រូនិក ដើម្បីជួយគាំទ្រដល់វិស័យហិរញ្ញវត្ថុបែបទំនើបក្នុងការពង្រីកអាជីកម្ម និងលើកទឹកចិត្តការបង្កើតថ្មី (Startup)ផងដែរ ។

បន្ថែមលើនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្ត និងអភិឌ្ឍន៍ SMEs នៅក្នុងវិស័យមូលបត្រ ដើម្បីចូលរួមចំណែក លើកកម្ពស់គុណវុឌ្ឍិរបស់ធុរកិច្ចថ្មីៗ ឱ្យមានលទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌប្រកួតប្រជែងពីស្ថាប័នហិរញ្ញវត្ថុ។

សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំក្នុងគោលបំណងចម្បងៗ គឺចែករំលែកនូវបទពិសោធន៍នានា ពីសាធារណៈរដ្ឋកូរ៉េ លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុប្រមូលធាតុចូលសំខាន់ៗ ពីបណ្តាស្ថាប័នពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ សម្រាប់ជាមូលដ្ឋានក្នុងការចងក្រង ឯកសារគោលនយោបាយជាតិ លើ «វិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុបែបទំនើប»៕