(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថា ខ្លួនបានធ្វើការការស៊ើបអង្កេតទ្រព្យសម្បត្តិ និងបំណុលរបស់ លោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជិតចប់ហើយ។ ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចាប់ផ្តើមស្រាវជ្រាវទ្រព្យសម្បត្តិ និងបំណុលរបស់ លោកស្នងការរង ស្រេង សុខា ថែមទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ACU ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សម្រាប់ការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់ លោក គឹម រស្មី ACU ក៏បានពិនិត្យលើទ្រព្យសម្បត្តិ និងបំណុលភរិយារបស់អតីតមេអាវុធហត្ថខេត្តរតនគិរីរូបនេះ រួមទាំងកូន៣នាក់ បានរួចរាល់ហើយដែរ។ ក្នុងសេចក្តីជូនដំណឹងរបស់ ACU បានឱ្យដឹងទៀតថា អង្គភាពប្រឆាំងអំពើពុករលួយក៏បានចាប់ផ្តើមស្រាវជ្រាវទ្រព្យសម្បត្តិ និងបំណុលរបស់លោកស្នងការរង ស្រេង សុខា ដូចគ្នានឹងលោកគឹមរស្មីដែរ។

ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីធ្លាយវីដេអូមួយបង្ហាញថា លោកបានសម្ញែងលុយរបស់ខ្លួន ដោយចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩។

អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេតលើ លោក គឹម រស្មី ស្របពេលដែលមហាជនមួយចំនួន ចោទប្រកាន់ថា អតីតមេអាវុធហត្ថលោកនេះ អាចមានការពាក់ព័ន្ធនឹងអំពើពុករលួយ។

ទន្ទឹមគ្នានឹងបញ្ហារបស់ មន្រ្តីរដ្ឋសម្ងែងលុយសន្ធឹកសន្ធាប់នេះ លោក ស្រេង សុខា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឯនោះវិញ ត្រូវបានមហាជនតាមបណ្តាញសង្គម ចែកចាយបន្តគ្នាថា លោកបានអួតសម្ញែងខ្សែក្រវាត់ពេជ្រ ខុសឆ្គងទៅនឹងលក្ខន្តិកៈរបស់កងកម្លាំងនគរបាលជាតិ និងបានអួតសម្ញែងលុយមហាសាល ដែលបង្គាប់ជូនខាងស្រី ក្នុងពិធីភ្ជាប់ពាក្យចំនួន១០ម៉ឺនដុល្លារ និងរថយន្តឡិចស៊ីស ៥៧០ ដែលមានតម្លៃ ២២ម៉ឺនដុល្លារទៀតផង៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៤៣ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ៖