(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានសហការជាមួយ BLUE MEDIA CAMBODIA បើកកិច្ចប្រជុំត្រៀមរៀបចំសង្ក្រាន្តសមុទ្រ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខ នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កិច្ចប្រជុំត្រៀមរៀបចំសង្ក្រាន្តនេះ បានធ្វើឡើងរវាងលោក គង់ វិតាណ អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី ខែក ខេមរ៉ាត អគ្គនាយក BLUE MEDIA CAMBODIA ដោយមានការចូលរួម ពីមន្ត្រីមន្ទីរ អង្គភាពក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

លោកស្រី ខែក ខេមរ៉ាត ថ្លែងថា កម្មវិធីសង្ក្រាន្តសមុទ្រ រយៈពេល៣ថ្ងៃ នៅសួនច្បារឆ្នេរឯករាជ្យ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានកម្មវិធីដូចជា ចុចប៊ូតុងប្រកាសបើកកម្មវិធីសង្ក្រាន្តសមុទ្រ មានការសម្តែងសិល្បៈ ល្បែងប្រជាប្រិយខ្មែរ ដែលពេញនិយម ការប្រគុំតន្ត្រីខ្នាតធំ ស្តង់ពិព័រណ៍ទេសចរណ៍ ស្តង់ពិព័រណ៍ពាណិជ្ជកម្មប្រមាណជា ៣០០ស្តង់ កីឡាកម្សាន្តនានា នៅលើឆ្នេរខ្សាច់ និងលើសួនច្បារ មានកម្មវិធីបង្ហោះគោម បណ្តែតគោមទឹក និងការបាញ់កាំជ្រួច ដើម្បីអបអរសាទរសង្ក្រាន្តសមុទ្រ នៅខេត្តព្រះសីហនុ ឱ្យមានការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត សង្ក្រាន្តសមុទ្រនៅខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត។

លោកស្រីនាយិកាបន្តថា ព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រប្រចាំឆ្នាំ២០១៩ ក្នុងបរិវេណឆ្នេរឯករាជ្យ ក៏នឹងបង្កើតឡើងក្នុងគោលបំណង បង្កលក្ខណៈជួបជុំ បង្កើតការសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ អន្តរជាតិ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឈានចូលមកដល់ នៅតាមទីតាំងទេសចរណ៍សំខាន់ៗរបស់ខេត្ត ដើម្បីទាក់ទាញ អប់រំ និងបំផុសស្មារតីដល់ពលរដ្ឋចូល រួមលេងកម្សាន្តសង្ក្រាន្តសមុទ្រនៅឆ្នេរឯករាជ្យផងដែរ។

លោក គង់ វិតាណ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ក្រុមហ៊ុន BLUE MEDIA CAMBODIA ដោយបានសហការជាមួយរដ្ឋបាលខេត្ត នឹងរៀបចំសង្ក្រាន្តសមុទ្រ នៅខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តំបន់ឆ្នេរ ផ្តោតសំខាន់ទៅលើ ការដាក់បង្ហាញពិព័រណ៍ទេសចរណ៍ ពិព័រណ៍ពាណិជ្ជកម្ម ការប្រគុំតន្រ្តី និងការរៀបចំកម្មវិធីល្បែងប្រជាប្រិយកម្សាន្ត ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបន្តថា «ដូច្នេះយើងត្រូវរៀបចំគម្រោង និងកម្មវិធីឱ្យបានល្អិតល្អន់ ដើម្បីកៀរគររកប្រភពថវិកា រៀបចំកម្មវិធីសង្ក្រាន្តសមុទ្រលើកទី១ នៅខេត្តព្រះសីហនុ ឲ្យទទួលបានលទ្ធផលល្អតាមការគ្រោងទុក»