(រតនគិរី)៖ ​ទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សចុះជួយខេត្តរតនគិរី បានអំពាវនាវឲ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរួបរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដោយខិតខំពន្យល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានខ្លាំងក្លា ដើម្បីកុំឲ្យព័ត៌មានទាំងនោះ បង្កមានបញ្ហាក្នុងសង្គម។

លោកទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅល្ងាចថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោក អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ សមាជិក-សមាជិកា ដែលជាសាខាបក្សភូមិ សាខាបក្សឃុំ-ស្រុក តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសម្ព័ន្ធយុទ្ធជនស្រឡាញ់សន្តិភាព ទូទាំងស្រុកលំផាត់ ខេត្តរតនគិរី។

​នៅក្នុងពិធីសំណេះសំណាលនោះ ទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឲ្យសមាជិក សមាជិកាទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដូចជាការផ្តល់សេវាសាធារណៈ ការដោះស្រាយសំណើ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ហើយបញ្ហាណាដែលមិនអាចដោះសា្រយបាននៅមូលដ្ឋាន ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទៅតាមឋានុក្រម ដើម្បីរកដំណោះស្រាយ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបាន។

​ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានរំលឹកសមាជិក សមាជិកាទាំងអស់ ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋ​ ត្រូវប្រុងប្រយ័ត្ននឹងការខ្វះខាតទឹកប្រើប្រាស់ ខ្យល់កន្រ្តាក់ រន្ទះ ហើយលោកបានស្នើឲ្យក្រុមការងារទាំងអស់ ត្រូវត្រៀមលក្ខណៈជួយអន្តរាគមន៍ឲ្យបានរួចរាល់ ដើម្បីចុះជួយដល់បងប្អូនប្រជាពលរដ្ឋ​ឲ្យទាន់ពេលវេលា។

​ជាចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី ក្នុងនាមលោក ប៊ូ ថង ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តរតនគិរី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសមាជិក សមាជិកាទាំងអស់ ក្នុងស្រុកលំផាត់ ដែលតែងតែខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំពេញការងារ ដោយមិនខ្លាចនឿយហត់ ព្រមទាំងលះបង់ កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ដើម្បីស្វែងរកប្រជាប្រិយភាព ជូនគណបក្សប្រជាជនកម្ពុជា៕