(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា «ក្នុងនាមជាអ្នកគ្រប់គ្រងប្រមូលពន្ធជូនរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ គឺចង់ឃើញសហគ្រាសចិនទាំងឡាយ ដែលបានមកវិនិយោគនៅកម្ពុជា រីកចម្រើន លូតលាស់ ធំធាត់ មានប្រាក់ចំណេញ និងប្រកាសមានប្រាក់ចំណេញបង់ជូនរដ្ឋ និងពិតជាមិនចង់ឃើញ សហគ្រាសប្រកាសខាតបង់ពន្ធខ្វះ មានបញ្ជីគណនេយ្យ ២ឬ៣នោះទេ ដោយរំពឹងថា នឹងមិនមានការកិបកេងបន្លំពន្ធ ហើយរងការកំណត់ពន្ធឡើងវិញ ទទួលរងពិន័យទោសទណ្ឌ ព្រមទាំងការប្រាក់នោះទេ»

ការលើកឡើងយ៉ាងដូច្នេះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតីភាពក្នុង «វេទិកាពន្ធដារកម្ពុជា-ចិន ឆ្នាំ២០១៩» ដែលរៀបចំឡើងអគ្គនាយកដ្ឋានពន្ធដារកម្ពុជា រួមជាមួយរដ្ឋបាលសារពើពន្ធ សាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បន្ថែមពីការលើកឡើងនេះ លោកអគ្គនាយកពន្ធដារបញ្ជាក់ទៀតថា ចាប់ពីខែមករា ឆ្នាំ២០១៩នេះតទៅ ក្រុមហ៊ុនសហគ្រាសចិន នឹងទទួលបាននូវអត្ថប្រយោជន៍ផ្នែកពន្ធដារបន្ថែមទៀត តាមរយៈការអនុវត្តកិច្ចព្រមព្រៀង នៃការចៀសវាងការយកពន្ធត្រួតគ្នា (DTA) កម្ពុជា-ចិន។

លោកក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវវិធានការដ៏មុតស្រួចមួយចំនួនក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ ដើម្បីជួយលើកកម្ពស់ភាពប្រកួតប្រជែង និងការកែលម្អបរិយាកាសធុរកិច្ច (Ease of Doing Business) ដែលជាអាទិ៍មានដូចជា (១) កាត់បន្ថយថ្លៃអគ្គិសនីចាប់ពីឆ្នាំ២០១៩ សម្រាប់អ្នកប្រើប្រាស់ (២) បញ្ចប់តួនាទីអចិន្រ្តៃយ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងកំពង់ផែលុបចោលអង្គភាពកម្ពុជាភ្នាក់ងារនាវាចរ (កាំសាប) (៣) ការកែសម្រួលការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង (៤) ការរៀបចំការធ្វើវិសោធនកម្មច្បាប់ ស្តីពីការវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងវិធានការនានាជាច្រើនទៀត។

លោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា វេទិកាពន្ធដារកម្ពុជា-ចិន ឆ្នាំ២០១៩នេះ មានសារៈសំខាន់យ៉ាងខ្លាំង ស្របពេលដែលការវិនិយោគផ្ទាល់ពីប្រទេសចិន ដែលចូលរួមយ៉ាងសំខាន់ ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះបើគិតចាប់ពីឆ្នាំ១៩៩៤ មកទល់នឹងបច្ចុប្បន្ន ទំហំនៃការវិនិយោគផ្ទាល់របស់ប្រទេសចិន គឺឈរនៅលំដាប់លើគេ ក្នុងចំណោមការវិនិយោគផ្ទាល់ពីបរទេស ហើយបានថ្លែងកោតសរសើរចំពោះវឌ្ឍនភាព នៃកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដែលជាលទ្ធផល គឺសម្រេចបាននូវកំណើនចំណូលពន្ធ ដោយសម្រេចបានលើសផែនការជាបន្តបន្ទាប់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕