(ត្បូងឃ្មុំ)៖ ដើម្បីបំផុសឲ្យប្រជាពលរដ្ឋរួមគ្នាស្រលាញ់បរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មិនចោលពាសវាលពាសកាល ចោលសំរាមក្នុងធុងសំរាម ជារើយៗរដ្ឋបាលខេត្តតែងតែ ដឹកនាំមន្ត្រីរាជការ និងសិស្សានុសិស្ស សម្អាតបរិស្ថានជុំវិញខេត្ត និងសម្អាតតាមបណ្តាក្រុងស្រុក ព្រមគ្នាផងដែរ។

ដោយឡែក នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលរងខេត្ត បានបន្តដឹកនាំ ថ្នាក់ដឹកនាំនិងមន្ត្រីសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ និងសិស្សានុសិស្ស សម្អាតបរិស្ថានជុំវិញរដ្ឋបាលប្រមូលផ្តុំទីរួមខេត្ត មានដូចជាជុំវិញសាលាខេត្ត តាមដងផ្លូវ និងពិសេសតាមមាត់ទន្លេសិប្បនិម្មិត ដែលជាកន្លែងកំសាន្ត ស្រូបយកអាកាសបរិសុទ្ធពីសំណាក់ភ្ញៀវទេសចរក្នុងខេត្ត ក៍ដូចជាតាមបណ្តាខេត្តក្រុងនានា ដែលឆ្លងកាត់នៅមកកំសាន្តនៅតំបន់នេះ។

លោក ជាម ច័ន្ទសោភ័ណ លើកឡើងថា អាជ្ញាធរខេត្ត រួមជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើការសម្អាតបរិស្ថាននាពេលនេះ គឺជាសារមួយដើម្បីពញាក់ស្មារតី ក៏ដូចជាបំផុសឲ្យប្រជាពលរដ្ឋ រួមគ្នាលើកកម្ពស់អនាម័យបរិស្ថាន មិនមែនមើលនៅនឹងភ្នែក គឺយកបេះដូងទៅស្រលាញ់បរិស្ថាន លុបបំបាត់វប្បធម៌ចោលសំរាមពាសវាលពាសកាល នាំគ្នាទុកដាក់សំរាម និងចោលសំរាមឲ្យបានត្រឹមត្រូវ គឺចោលសំរាមតែក្នុងធុងសំរាម ក្នុងន័យនេះគឺបរិស្ថានស្អាតផ្តើមចេញពីយើងគ្រប់គ្នារួមគ្នា ។

លោក អភិបាលខេត្ត ក៏បានលើកទឹកចិត្ត ឲ្យរួមគ្នាធ្វើយុទ្ធនាការសម្អាតបរិស្ថានបែបនេះ ដើម្បីពញាក់ស្មារតីប្រជាពលរដ្ឋតាមទីសាធារណៈបែបនេះ ជាបន្តបន្ទាប់ រហូតបងប្អូនប្រជាពលរដ្ឋទាំងអស់ ភ្ញាក់ស្មារតី រួមគ្នាសម្អាតបរិស្ថាន មានអនាម័យទាំងនៅក្នុងផ្ទះ ក៍ដូចជាតាមទីសាធារណៈ ដើម្បីទទួលបានបរិស្ថានស្អាត ខ្យល់អាកាសបរិសុទ្ធ សម្រាប់សុខភាពយើងទាំងអស់គ្នា ជាពិសេសជួយលើកមុខមាត់ខេត្ត តាមរយៈសោភ័ណភាពស្អាត គ្មានសំរាមពាសវាលពាសកាល ដែលជាទីទាក់ទាញសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ទាំងភ្ញៀវជាតិ និងអន្តរជាតិ ៕