(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឲ្យរួមគ្នា ទប់ស្កាត់ប្រយុទ្ធប្រឆាំងជាមួយអំពើភេរវកម្ម ដើម្បីធានាដល់គោលដៅទេសចរណ៍របស់កម្ពុជា ហើយក៏បានថ្លែងអំពាវនាវ ឲ្យរួមគ្នារក្សាឲ្យបាននូវស្ថិរភាពនយោបាយសង្គមនៅកម្ពុជា ព្រោះគ្មានអ្នកទេសចរណា ទៅលេងកម្សាន្តនៅប្រទេស ដែលមានភាពច្របូកច្របល់នោះឡើយ។

ការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសណ្ឋាសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន​ សែន​​ មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនៅតែផ្តល់ការលើកទឹកចិត្ត និងដាក់ចេញនូវបទបញ្ជា ទាក់ទងនឹងសន្តិភាពនិងស្ថិរភាពខាងនយោបាយ​ សន្តិសុខសណ្តាប់ធ្នាប់សង្គម ធានាធ្វើយ៉ាងម៉េចកុំឲ្យកម្ពុជា មានអំពើភេរវកម្មកើតឡើង នៅតាមតំបន់ទេសចរណ៍នានា។ មិនថាតើនៅតាមតំបន់ទេសចរណ៍ទេ ត្រូវធ្វើឲ្យភូមិមួយ រោងចក្រមួយ សណ្ឋាគារមួយ សហគ្រាសមួយ ក្លាយទៅជាតំបន់សុខសាន្តមួយ»

សម្តេចបានថ្លែងរំលឹកថា សម្តេចធ្លាប់បានទៅជួបកម្មករដែលមកដល់ពេលនេះ ប្រមាណជា៩០ម៉ឺននាក់រួចទៅហើយ ហើយក៏មានប្រមាណ១,០០០​រោងចក្រ ដែលសម្តេចបានប្រាប់ពួកគេ ឲ្យរួមគ្នាចូលរួមចំណែកដើម្បីធ្វើឲ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ កុំឲ្យកន្លែងនោះក្លាយទៅជាកន្លែងបងតូចបងធំ ក្លាយទៅជាកន្លែងដែលចែកចាយគ្រឿងញៀន ក្លាយជាកន្លែងដែលមានការឆ្លងជំងឺអេដស៍។ សម្តេចមានប្រសាន៍ថា បើធ្វើបានយ៉ាងដូច្នេះ ពួកគាត់នឹងបានរួមចំណែកធ្វើឲ្យប្រទេសជាតិ អនុវត្តន៍បានល្អនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែលទៅដល់ទីណាក៏ដោយ គ្មានរឿងអ្វីកើតឡើងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់នគរបាលទេសចរណ៍ មន្ត្រីបេតិកភណ្ឌ ដែលបានប្រឹងប្រែងធ្វើការងារ រក្សាសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ យ៉ាងល្អប្រសើរកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបានថ្លែងរំលឹកដែរថា នៅឆ្នាំ១៩៩៤ សម្តេចបានទទួលខុសត្រូវ ចំពោះមុខសោកនាដកម្មលើជនជាតិបារាំង អង់គ្លេស និងអូស្ត្រាលី ដែលបានជួបគ្រោះថ្នាក់ ពេលធ្វើដំណើរតាមរថភ្លើងមកកម្សាន្តនៅកម្ពុជា ព្រោះតែបញ្ហាអសន្តិសុខ។

ទន្ទឹមនឹងនេះ សម្តេចបានណែនាំអ្នកប្រកបអាជីវកម្ម ផ្នែកទេសចរណ៍ថា ការប្រឹងប្រែងទាក់ទាញអ្នកទេសចរ មកលេងកម្សាន្តនៅកម្ពុជា ជារឿងល្អមួយហើយ តែបន្តធ្វើឲ្យអ្នកទេសចរ មកលេងម្តងហើយចង់មកលេងជាថ្មីទៀត ហើយនាំមិត្តភក្តិសាច់ញាតិមកលេងទៀត ទើបជារឿងប្រសើរ។ សម្តេចតេជោ ក៏បានថ្លែងជំរុញការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឲ្យកាន់តែច្រើនថែមទៀត រួមទាំងផ្លូវនៅតាមព្រំដែនផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់អ្នកទេសចរ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ហើយក៏សូមបញ្ជាក់បន្ថែមថា បើយើងចង់ទាក់ទាញភ្ញៀវទេសមកលេងប្រទេសយើង អ្វីដែលយើងបានធ្វើកន្លងទៅ ហើយដែលទទួលជោគជ័យរួចមកហើយ ត្រូវខិតខំបន្តទៀត។ ការផ្សព្វផ្សាយតាមទូរទស្សន៍ ព័ត៌មានសំខាន់ៗពីទេសចរណ៍កម្ពុជា ជារឿងមួយហើយ តែការផ្សព្វផ្សាយតាមរយៈនៃអ្នកទេសចរណ៍ ដែលអញ្ជើញមកកម្ពុជា ទើបជារឿងដែលសំខាន់»