(ភ្នំពេញ)៖ ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» អមជាមួយពិធីប្រគល់ជ័យលាភីរង្វាន់ «សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវការងារអាទិភាពចំនួន៥ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០៣០ និងសម្រេចគោលអភិវឌ្ឍ ប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបន្តអភិវឌ្ឍទីក្រុងទូទាំងប្រទេសកម្ពុជា ជាទីក្រុងស្អាតបៃតង មានការអភិវឌ្ឍប្រកបដោយចីរភាព និងជាទីក្រុងទេសចរណ៍ ប្រកបដោយភាពវ័យឆ្លាត ឆ្លើយតបនឹងរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់គ្នា ចាំបាច់ត្រូវរួមគ្នាអភិវឌ្ឍទីក្រុង ឱ្យកាន់តែមានចីរភាព ស័ក្តិសមនឹងពាក្យស្លោក ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការងារជាអាទិភាពចំនួន៥ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅរួមមាន៖

ទី១៖ ត្រូវបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្កើតទីក្រុងប្រកបដោយភាពវ័យឆ្លាត (Smart City) ដោយការររៀបចំឱ្យមានក្របខណ្ឌគោលនយោបាយ ជាក់លាក់មួយ ស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពឆ្ពោះ ទៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។ ទន្ទឹមនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបំពាក់ឱ្យមាន ហ្វី វ៉ាយហ្វាយ (Free Wifi) នៅតាមគោលដៅទេសចរណ៍នីមួយៗ ពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងឱ្យបានមុនឆ្នាំ២០២៣។

ទី២៖ ត្រូវបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងតាមរយៈការធានាឱ្យបានភាពស្អាត និងបៃតង គឺកម្ពុជាស្អាតកម្ពុជាបៃតង ទម្លាប់នៃភាពស្អាត ទាំងលំនៅដ្ឋានស្អាត ភូមិស្អាតសង្កាត់ស្អាត ដែលផ្តើមចេញពីយើងទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន ក៏សូមអបអរសាទរជ័យលាភីបង្គន់សាធារណៈអាស៊ានលើកទី១ និងជ័យលាភី បង្គន់សាធារណៈកម្ពុជាលើកទី១ ដែលបានចូលរួមដល់ការលើកកម្ពស់ភាពស្អាត និងអនាម័យ។

ទី៣៖ ដើម្បីបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងយើងត្រូវគិតគូរ អំពីសណ្ឋាប់ធ្នាប់ សម្តេចតេជោ ស្នើឱ្យក្រសួងមហាផ្ទៃ និងក្រសួងដែនដីនគររូបនីយកម្ម និងសំណងសិក្សារៀបចំច្បាប់ស្តីពីសណ្ឋាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង ។ ទន្ទឹមនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធានាឱ្យទីក្រុងរបស់ខ្លួន មានសណ្ឋាប់ធ្នាប់ល្អមានចំណតយានយន្តត្រឹមត្រូវមានចិញ្ចើមផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរ ។

ទី៤៖ ដើម្បីបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងយើង ត្រូវចាំបាច់ធានាឱ្យបាន សន្តិសុខ និងសុវត្ថិភាពសង្គមគ្រប់ភាគីពាក់ព័ន្ធ ត្រូវជំរុញចលនាការពារសន្តិសុខ និងសុវត្ថិភាពនៅគ្រប់ពេល និងគ្រប់ច្រកល្អកនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ត្រូវធ្វើយុទ្ធនាការទីក្រុងស្អាត៖ ទីក្រុងដែលមានសុវត្ថិភាពចំណីអាហារ និងស្នើឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តក្រម ប្រតិបតិ្តភោជនីយដ្ឋានស្អាត ឱ្យបានទូលំទូលាយ និងសូមប្រកាសដាក់ឱ្យអនុវត្តស្តង់ដារ វិថីមួបអាហារ (Food Street) ដែលជាសូចនាករថ្មីមួយទៀត ក្នុងស្តង់ដាទីក្រុងស្អាត និងចលនាប្រឡងប្រណាំងទីក្រុងស្អាត៖ ទីក្រុងមានវិថីម្ហូប អាហារស្អាត ជារៀងរាល់ឆ្នាំ។

ទី៥៖ ដើម្បីធានាបានចីរភាព ការអភិវឌ្ឍទីក្រុងត្រូវអនុវត្តនូវទស្សនាទានបៃតង សម្តេចតេជោសូមអបអរសាទរជ័យលាភីរង្វាន់ សម្តេចតេជោសម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍លើកទី៣ គឺការចូលរួមផ្តល់សេវាប្រកប ដោយការទទួលខុសត្រូវ។ ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រសួងរុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងគ្រប់អភិបាលរាជធានី ខេត្តត្រូវបំផុសឱ្យមានផលិតកម្មក្នុងស្រុកនានា បម្រើឱ្យវិស័យទេសចរណ៍ តាមរយៈបាវចនាវិស័យទេសចរណ៍ គឺជាការនាំចេញនឹងកន្លែង ហើយទីក្រុងទេសចរណ៍ធំៗទាំងអស់ ត្រូវតែជាទីក្រុងដែលមានខ្សែក្រវ៉ាត់បៃតង (Green Belt)។

សូមជម្រាបថា នៅឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.២លាននាក់ កើនឡើងជិត១១% និងបាននាំប្រាក់ចំណូលប្រមាណ៤,៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ នៅឆ្នាំ២០២០ នឹងទទួលបានប្រមាណជាង៧លាននាក់ និងនាំមកនូវចំណូលប្រមាណ៥ពាន់លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារ បានប្រមាណជិត១លាននាក់ និងនៅឆ្នាំ២០៣០ អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ១៥លាននាក់ នាំមកនូវចំណូលប្រមាណ១០ពាន់លានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណជិត២លាននាក់៕