(ភ្នំពេញ)៖ ខណៈដែលទិវាជាតិយល់ដឹងពីមីន ជិតចូលមកដល់ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហាញអំពីសមិទ្ធផលធំៗមួយចំនួន ដែលស៊ីម៉ាក់សម្រេចបាន។

លោក ហេង រតនា បានឲ្យដឹងថា អង្គភាព​ស៊ីម៉ាក់ ​ក្នុងនាមជាសេនាធិការ​របស់រាជ​រដ្ឋាភិបាល ​លើសកម្មភាពកំចាត់មីន​ បានចូលរួម​យ៉ាងសកម្ម​ក្នុងផ្សព្វផ្សាយការ​អប់រំ​យល់ដឹងពីមីន ​ដល់​ប្រជាពលរដ្ឋ ដែលរស់នៅតំបន់​រងគ្រោះ ដោយសារមីន​ និងគ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់ផ្ទុះ​ តាមរយៈការពង្រឹងពង្រីកសមត្ថភាពថ្នាក់ក្រោមជាតិ​ ថ្នាក់មូលដ្ឋាន​ និងការងារផ្ទាល់ ជាមួយអង្គការមហាជន​ ជាក់ស្ដែង​ក្នុងឆ្នាំ២០១៨ ស៊ីម៉ាក់ បានសម្រេចលទ្ធផល ដូចខាងក្រោម៖

១៖ ផ្នែកការងារអប់រំផ្សព្វផ្សាយមីន/ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

* អត្រាគ្រោះថ្នាក់នៅឆ្នាំ២០១៨នេះ មានចំនួន៥៨នាក់ គឺជាចំនួនស្មើគ្នា បើប្រៀបធៀបជាមួយនឹងឆ្នាំ២០១៧ ដែលមានជនរងគ្រោះចំនួន៥៨នាក់ ប៉ុន្តែគ្រោះថ្នាក់ដោយសារមីន មានការកើនឡើងលើស​ពីឆ្នាំចាស់ចំនួន៦ករណី។

* ធ្វើការអប់រំប្រជាពលរដ្ឋបានចំនួន៦៦១​,៩២៤នាក់ ក្នុងនោះបុរសចំនួន២២៦,៦៤២នាក់, ស្រ្តីចំនួន២៤០,២៧៦នាក់, កុមារចំនួន១៩៤,៨០៦នាក់ និងខ្នងផ្ទះចំនួន១០៨,​៦១២ផ្ទះ។

* អប់រំប្រជាពលរដ្ឋ ដែលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ បានចំនួន៥,២២៤នាក់, អ្នកពង្រីកដីកសិកម្ម ក្នុងតំបន់មីនចំនួន៣,១០០នាក់, អ្នកក្រីក្រប្រឈមនឹងគ្រោះថ្នាក់មីនចំនួន៤,១៣០នាក់, អប់រំជនអ្នកប្រព្រឹត្តិផ្ទាល់ចំនួន ២១១នាក់។

* ធ្វើការអប់រំបណ្តុះបណ្តាលវគ្គរំលឹក ដល់បណ្តាញមីន/គ្រាប់ចំនួន១៥០នាក់ និងបានបើកយុទ្ធនាការអប់រំ ប្រជាពលរដ្ឋនៅតំបន់ងាយរងគ្រោះ បានចំនួន៦៤,៣៨០នាក់ ស្រ្តីចំនួន២៥,៥៥៦នាក់ និងកុមារចំនួន ១២,៤២៩នាក់។

២៖ ផ្នែកការងារអភិវឌ្ឍជួយជនរងគ្រោះដោយសារមីន

* ក្នុងឆ្នាំ២០១៨កន្លងមក គម្រោងអភិវឌ្ឍន៍ជំនួយពីរដ្ឋាភិបាលជប៉ុន បាននឹងកំពុងកសាងផ្លូវលំជនបទ ចំនួន៤ខ្សែ សរុបប្រវែង១៥,១៧០ម៉ែត្រ និងស្ពានបេតុង១កន្លែង​ ប្រវែង១១ម៉ែត្រ។
* អគារសាលាបឋមសិក្សា១ខ្នង និងស្រះទឹកចំនួន៣។
* សំណង់បង្ហៀរទឹកចំនួន៣ លូប្រអប់ចំនួន៤ លូទោលចំនួន៥ និងលូភ្លោះចំនួន៤។
* បណ្តុះបណ្តាលជំនាញកសិកម្ម ដល់ប្រជាពលរដ្ឋមានដូចជា៖ ដំណាំស្រូវ ដំណាំកាហ្វេ ការចិញ្ចឹមមាន់ការបណ្តុះផ្សិត និងការធ្វើសួនបន្លែ តាមផ្ទះ-ល-បានចំនួន១០វគ្គ ស្មើនឹងចំនួន៦៣០គ្រួសារ។

ទន្ទឹម​នឹង​នេះ ​ស៊ីម៉ាក់ ក៏​បានធ្វើការបោសសម្អាតផ្ទៃដី​ និងគ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់ផ្ទុះ​ សម្រេចជាលទ្ធផលក្នុងផែនការប្រតិបត្តិការ ​ប្រចាំឆ្នាំ​២០១៨ ​មានដូចខាងក្រោម៖​

* បោសសំអាតផ្ទៃដីបានទំហំ ៨៨,៦៦៦,៥៤៦ម៉ែត្រការ៉េ​​​​​​
* រកឃើញ និងកំទេចចោលមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សរុបចំនួន៖ ៤៥,៤៩៣គ្រាប់
* បោះផ្លាកសញ្ញាព្រំចំការមីន បានប្រវែង៣៤៦,៧៥៧ម៉ែត្រ
* ឆ្លើយតបតាមសំណើ (EOD Calls) ៣,៦៨១សំណើ

ផ្អែកតាមលទ្ធផលខាងលើ បានបង្ហាញឲ្យឃើញថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០១៨នេះ ស៊ីម៉ាក់សម្រេចបានលទ្ធផល១១៨.០២% ធៀបទៅនឹងផែនការប្រចាំឆ្នាំ២០១៨៕