(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាកិត្តិយសក្នងកម្មវិធីពិភាក្សា និងពិសារអាហារថ្ងៃត្រង់ដែលរៀបចំដោយ EuroCham Cambodia នៅសណ្ឋាគារ Sofitel Phokeethra Phnom Penh។

កម្មវិធីនេះក៏មានការចូលរួមពីលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា, លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា, លោក Blaise Kilian នាយកប្រតិបត្តិ EuroCham លោក លោកស្រីជាថ្នាក់ដឹកនាំ អគ្គនាយក តំណាងក្រុមហ៊ុន និងសមាគមដែលវិនិយោគលើវិស័យកសិកម្មប្រមាណជាង ១០០ក្រុមហ៊ុន។

គោលបំណងសំខាន់របស់កម្មវិធីនេះ គឺដើម្បីផ្តល់ឱកាសឱ្យវិនិយោគិន ដែលបានអញ្ជើញមកពីគ្រប់មជ្ឈដ្ឋានដើម្បីសាកសួរ ផ្លាស់ប្តូរ និងស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀតអំពីទស្សនវិស័យ គោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ពីរដ្ឋមន្ត្រី ដែលវិស័យនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ធានាសន្តិសុខស្បៀង អាហាររូបត្ថម្ភ បង្កើនប្រាក់ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រ បង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក។

កម្មវិធីបានដំណើរទៅដោយរលូន យោគយល់ ចែករំលែក ផ្លាស់ប្តូរព័ត៌មានសំខាន់ៗ និងសហប្រតិបត្តិការយ៉ាង ល្អប្រសើររវាងរដ្ឋ និងវិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស ហើយផលិតបាននូវទស្សនទុនជាចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ធ្វើការវិនិច្ឆ័យ ក្នុងការសម្រេចចិត្តបន្តធ្វើការវិនិយោគ ឬដាក់ទុនវិនិយោគលើវិស័យកសិកម្ម ដែលកំពុងមានសក្តានុពលសម្រាប់ធ្វើការអភិវឌ្ឍក្នុងពេលអនាគត៕