(ស៊ីដនី)៖ ពូជសត្វឃ្មុំយក្ស​ធំជាងគេបំផុតនៅ​លើពិភពលោក ត្រូវបានគេប្រទះឃើញ​សាជាថ្មី នៅឯតំបន់ព្រៃដាច់ស្រយាល​​មួយក្នុងប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់ពីក្រុមអ្នក​វិទ្យាសាស្ត្របានចំណាយ​ពេលជាង ៣៨ឆ្នាំ ដើម្បីតាមរកវត្តមាន​ពូជឃ្មុំយក្ស នេះ។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

ជាមួយស្លាបដែលមានប្រវែង ៦សង់ទីម៉ែត្រ Wallace គឺជាសត្វឃ្មុំយក្ស​ធំជាងគេបំផុតនៅ​លើពិភពលោក ហើយគេធ្លាប់បាន​ប្រទះឃើញ ពួកវាលើកចុងក្រោយ​បំផុតកាលពីឆ្នាំ១៩៨១ ជាមួយការជឿជាក់ថា ឃ្មុំប្រភេទនេះ​បានរលាយផុតពូជ​ទៅហើយ។ ប៉ុន្តែ​ពូជឃ្មុំ Wallace ត្រូវអ្នកវិទ្យាសាស្ត្រ​មួយក្រុមបានរកឃើញ​ពួកវាជាថ្មីម្ដងទៀត​ កាលពីដើមឆ្នាំ២០១៩ នៅឯតំបន់ព្រៃដាច់​​ស្រយាលមួយស្ថិត​នៅលើកោះ North Moluccas នៃប្រទេស​ឥណ្ឌូណេស៊ី។

អ្នកវិទ្យាសាស្ត្រ​មួយក្រុមតូចនេះ ទទួលបានការ​គាំទ្រពីអង្គការ Global Wildlife Conservation មានមូលដ្ឋាននៅ​សហរដ្ឋអាមេរិក ដែលដំណើរការគម្រោង​ស្វែងរកប្រភេទ សត្វដែល​ផុតពូជ ព្រមទាំងក្រុមអ្នកជំនាញ​មកពីប្រទេស​ដទៃផងដែរ។ ជាលទ្ធផល​គឺជា​រឿងភ្ញាក់ផ្អើលបំផុតដែលបានរកឃើញពួកវាវិញ ប៉ុន្តែគេមិនទាន់​អាចកំណត់​អំពី​ចំនួន​ពួកវាបានឡើយ​នាពេលនេះ។

គួរបញ្ជាក់ថា សត្វឃ្មុំយក្ស Wallace ធ្លាប់បង្ហាញខ្លួននៅ​តំបន់ជុំវិញប្រទេស​ឥណ្ឌូណេស៊ី នៅចន្លាំងឆ្នាំ១៨៥៤ និងឆ្នាំ១៨៦២ ហើយវាមិនត្រូវ​បានគេប្រទះឃើញឡើយ​រហូតដល់ឆ្នាំ១៩៨១ ទើបអ្នកវិទ្យាសាស្ត្រ​ខាងសត្វល្អិត​ឈ្មោះ Adam Messer បានកំណ​ត់ទីតាំងចំនួន ០៣កន្លែង ដែលពួកអាចវាស្ថិតនៅក្នុងប្រទេស​អាស៊ីអាគ្នេយ៍​មួយនេះ៕