(ភ្នំពេញ)៖ ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា អំណោយមនុស្សធម៌របស់សប្បុរសជននានា ដែលជួយឧបត្ថម្ភមកកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ត្រូវតែផ្តល់ជូនទៅជនរងគ្រោះ និងជនដែលងាយរងគ្រោះ មិនអាចយកថវិកា ឬអំណោយទាំងនេះ ទៅឧបត្ថម្ភសម្រាប់បុគ្គលិក នៃកាកបាទក្រហមនោះទេ។

ចំពោះប្រាក់ឧបត្ថម្ភមន្ត្រីរបស់កាកបាទក្រហមដែលបម្រើលើការងារនេះ ត្រូវរកចំណូលផ្សេងៗទៀត ដាច់ខាតមិនត្រូវប៉ះពាល់ទៅលើប្រាក់របស់សប្បុរសជនឡើយ។ ការធ្វើបែបនេះ នឹងធ្វើឱ្យសប្បុរសជន ដែលគេជួយឧបត្ថម្ភមកយើងគេមានទំនុកចិត្ត និងអាចបន្តជួយដល់សកម្មភាពរបស់កាកបាទក្រហមបន្តទៀត។

ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្នាក់ការកាកបាទក្រហមរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំពិភាក្សា និងដាក់ទិសដៅ ការងារសម្រាប់ឆ្នាំ២០១៩។

ក្នុងកិច្ចប្រជុំនោះក៏បានពិភាក្សាទៅលើការចំណូលចំណាយរបស់កាកបាទក្រហម ការរៀបចំការបណ្ដុះបណ្ដាលធនធានមនុស្សពិសេស ការបណ្ដុះបណ្ដាលយុវជនកាកបាទក្រហម ដែលក្នុងឆ្នាំ ២០១៩នេះ យុវជនកាកបាទក្រហមរាជធានីនឹងត្រូវជ្រើសរើសឡើងចំនួន៣០០០នាក់ ដើម្បីបម្រើឲ្យសកម្មភាពមនុស្សធម៌ ដូចជា ការសង្គ្រោះបឋម ការផ្សព្វផ្សាយនូវ ច្បាប់ចរាចរណ៍ផ្លូវគោក និងការអប់រំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនជាដើម។

លោក ឃួង ស្រេង បានបន្តទៀតថា ថវិកាដែលបម្រើដល់សកម្មភាពមនុស្សធម៌ដាច់ខាត ត្រូវតែប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីឲ្យសប្បុរសជនមានទំនុកចិត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

មន្ត្រីកាកបាទក្រហមរាជធានីភ្នំពេញ បានឲ្យដឹងថា កន្លងមកនេះ កាកបាទក្រហមរាជធានីភ្នំពេញ បានជួយបញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីពេទ្យនៅជិតបំផុតបានទាន់ពេលវេលា បានចុះពិនិត្យតាមដានសកម្មភាពការងារជាប់ជាប្រចាំ។ កាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ឲ្យនៅកម្រិតទាបបំផុត ការបង្ការទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ បំបាត់ការរើសអើងអ្នកផ្ទុក មេរោគអេដស៍ ជំងឺអេដស៍ ការទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺគ្រុនឈាមគ្រុនចាញ់គ្រុនផ្តាសាយបក្សីប្រភេទថ្មីៗ ជាដើម។

ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨មីនា ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រមូលមូលនិធិគាំទ្រសកម្មភាពមនុស្សធម៏ ដោយសហការជាមួយមន្ទីរពេទ្យនានា ដើម្បីប្រមូលមូលនិធិសង្គ្រោះជនរងគ្រោះ។

កម្មវិធីសុវត្ថិភាពសហគមន៍ប្រជាពលរដ្ឋទទួលចំណេះដឹងស្ដី អំពីសមត្ថភាពសហគមន៍បើកវគ្គផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ឱ្យបានជ្រាបអំពីសុវត្ថិភាពសហគមន៍ ការអភិវឌ្ឍធនធានមនុស្សការងារនៅតាមអនុសាខាទាំង១២ ដើម្បីឱ្យបានដំណើរការល្អ។ ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសាខា និងអនុសាខាពង្រឹងរចនាសម្ព័ន្ធរបស់សាខាបានរឹងមាំបណ្ដុះបណ្ដាល បំប៉នសមត្ថភាពបន្ថែមតាមការកំណត់របស់កាកបាទក្រហមកម្ពុជា៕