(ភ្នំពេញ)៖ ការប្រែក្រឡាស់មិនវិលត្រឡប់មកកម្ពុជាតាមការភ្នាល់របស់ ទណ្ឌិត សម រង្ស៉ី កាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកតាមដាននយោបាយ សម្តែងការហួសចិត្ត និងអស់សំណើចជាខ្លាំង ដោយសារយុទ្ធសាស្រ្តបោកបញ្ឆោទមួយនេះ បានធ្វើឱ្យបុគ្គលងុបងល់នឹង លោក សម រង្ស៉ី មួយចំនួននៅក្រៅប្រទេស នាំគ្នារៃអង្គាសថវិកា ដើម្បីជួយឱ្យអ្នកនយោបាយរត់ចោលស្រុក វិលត្រឡប់មកកម្ពុជាតាមការភ្នាល់ជាមួយ សម្តេចតេជោ ហ៊ុន សែន។

ក្នុងការបបួលភ្នាល់កន្លងទៅនេះ លោក សម រង្ស៉ី បានជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិ នឹងធ្វើឱ្យ រាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬក៏យ៉ាងយូរបំផុតនៅថ្ងៃ០៣ មីនា ២០១៩» ហើយបញ្ជាក់ថា បើសិនជា លោកកឹម សុខា មិនត្រូវបានដោះលែងអំឡុងពេលនោះទេ លោកសុខចិត្តចុះចាញ់ការភ្នាល់ ហើយវិលចូលប្រទេសដើរចូលពន្ធនាគារតែម្តង តែបើលោកឈ្នះក្នុងការភ្នាល់នេះវិញ គឺសូមឱ្យសម្តេចតេជោ ហ៊ុន សែន ត្រូវចុះចេញពីតំណែងផងដែរ។

សម្រាប់ការយកសេរីភាពរបស់លោក កឹម សុខា ទៅធ្វើជាកម្មវត្ថុភ្នាល់នេះ លោក សម រង្ស៉ី​ ប្រកាសរៃអង្គាសថវិកាឱ្យបាន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកពីអ្នកគាំទ្រនៅក្រៅប្រទេស ដើម្បីធ្វើជាសោហ៊ុយសម្រាប់រូបលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្រោយប្រកាសផែនការរៃអង្គាស មនុស្សជំនិតរបស់លោកដែលក្នុងនោះមានដូចជា លោកស្រី មូរ សុខហួរ, លោក មាជ សុវណ្ណារ៉ា ជាដើម បានដើររៃអង្គាសថវិកាពីខ្មែរអនិកជនគ្រប់ច្រកល្ហក ព្រមទាំងបានទៅកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃ ដើម្បីរៃអង្គាសថវិកាពីពលករទៀតផង។

ការរៃអង្គាសបានធ្វើឡើងរយៈពេលជាង២ខែ គ្រាដែលឱសានវាទនៃការភ្នាល់គ្នានៅដល់តែជាង១០ថ្ងៃទៀតនោះ លោក សម រង្ស៉ី ស្រាប់តែប្រកាសថា លោកនឹងមិនទាន់វិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅពេលនេះទេ គឺរង់ចាំឱ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធឱ្យបានធ្ងន់ធ្ងរលើរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ជាមុនសិន ទើបលោកវិលត្រឡប់មកកម្ពុជាជាក្រោយ។

នេះមិនមែនជាលើកទី១ទេ ដែលលោកសម រង្ស៉ី ភូតភរបោកប្រាស់អ្នកគាំទ្រ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។ ល្បិចបោកប្រាស់របស់ទណ្ឌិត សម រង្ស៉ី បានធ្វើឡើងជាបន្តបន្ទាប់ ហើយរាប់តាំងពីឆ្នាំ២០១៣មក ទណ្ឌិតរូបនេះ បានបោកប្រាស់ប្រជាពលរដ្ឋខ្មែរមិនតិចដងនោះទេ។

កាលពីឆ្នាំ២០១៣ លោក សម រង្ស៉ី ដែលមានតួនាទីជាប្រធានគណបក្សសង្រ្គោះជាតិ បានកុហកបាតុករថា បក្សរបស់លោកនឹងមិនចូលទេសភាជាដាច់ខាត់ ដោយដៀលសភាកម្ពុជាថា «សភាមិនគ្រប់ទឹក» «សភាអាចម៍គោ» ប៉ុន្តែបែរជាវាយក្បិនចូលសភាចោលអ្នកធ្វើបាតុកម្មទៅវិញ។

ឆ្នាំ២០១៤ ទណ្ឌិតនេះកុហកទេវតាថែរក្សាអង្គរវត្ត ថាស្បថមិនចូលសភាទេ បើមិនឲ្យសង្គ្រោះជាតិឈ្នះនោះទេ ប៉ុន្តែមិនបានប៉ុន្មានខែក៏ចូលសភា នាំគ្នាទាមទារឡាន ទាមទារតំណែងទៅវិញ។

នៅឆ្នាំ២០១៥ ទណ្ឌិតកុហកមនុស្សខ្មែរមួយនគរថា នឹងចូលមកឱ្យសម្តេច ហ៊ុន សែន ចាប់ទោះស្លាប់ក៏ព្រមដែរ។ តែរៃលុយនៅកូរ៉េរួចហើយ ចេញមកវិញ មិនមកកម្ពុជាបែរជាទៅបារាំងបាត់ស្រមោល។

កាលពីឆ្នាំ២០១៧ លោក សម រង្ស៉ី បានលាលែងចេញពីប្រធាន និងសមាជិកភាពនានានៅក្នុង (អតីត) គណបក្សសង្រ្គោះជាតិ ដោយថាខ្លាចគេរំលាយបក្ស ប៉ុន្តែបែរជាមកអង្គុយកណ្តាលបក្ស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នាទីក្រុងរ៉ូម ប្រទេសអុីតាលី ធ្វើឲ្យគេបានលេសរំលាយបក្សចោលតែម្តង។

ដោយឡែក ឆ្នាំ២០១៨ លោក សម រង្ស៉ី បានឃោសនាបោកថា នឹងឈ្នះ១០០ភាគរយ ឱ្យអ្នកគាំទ្រនាំគ្នាដេកផ្ទះ តែលទ្ធផលគឺនៅតែចាញ់ដដែល។ ឥឡូវនេះ នៅឆ្នាំ២០១៩ លោក សម រង្ស៉ី ដែលប្រកាសចូលខ្លួនឱ្យរាជរដ្ឋាភិបាលចាប់ បើសិនជាភ្នាល់ចាញ់ សម្តេចតេជោ ហ៊ុន សែន ក៏នៅតែក្លាយជារឿងភូតកហុកបោកប្រាស់ដដែល។

និយាយរួម ការបោកប្រាសរបស់ទណ្ឌិត សម រង្ស៉ី មិនមានប្រសិទ្ធភាពចំពោះប្រជាពលរដ្ឋនៅក្នុងប្រទេសទៀតឡើយ ដោយសារតែប្រជាពលរដ្ឋបានស្គាល់ក្រយ៉ៅ ទណ្ឌិតរូបនេះយ៉ាងច្បាស់ក្រឡែត។ សម្តីទាំងប៉ុន្មានរបស់ ទណ្ឌិត សម រង្ស៉ី គឺជាសម្តីដែលមិនគួរឱ្យជឿបាន ដោយសារតែមេដឹកនាំរូបនេះ និយាយហើយមិនធ្វើ និយាយបាតដៃខ្នងដៃ។ មួយវិញទៀតពលរដ្ឋខ្មែរស្រលាញ់មេដឹកនាំដោយហ៊ាននិយាយហ៊ានធ្វើ មិនចូលចិត្តមេដឹកនាំកំសាក ចេះតែរត់នោះឡើយ៕