(ភ្នំពេញ)៖ ​ពលការិនីបម្រើការងារតាមផ្ទះ​ចំនួន​២នាក់​ បានត្រឡប់មកដល់មាតុប្រទេសវិញ នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានកិច្ចអន្តរាគមន៍លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក្រោមកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ស្ថានទូត​កម្ពុជា ប្រចាំប្រទេសអេហ្ស៊ីប។

ស្ត្រីរងគ្រោះទាំងពីរនាក់ខាងលើ ឈ្មោះ តាំ ហ្វាត់ទ្រី អាយុ​២២​ឆ្នាំ រស់នៅភូមិ​មេម៉ាយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង​ឈ្មោះ ឆាយ ផៃ អាយុ​២៦ឆ្នាំ មានទីលំនៅភូមិ​អំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ អ្នកទាំងពីរត្រូវបានមេខ្យល់បញ្ជូនទៅធ្វើការជាស្រ្តីមេផ្ទះនៅអារ៉ាប៊ីសាអូឌីត តាមរយៈក្រុមហ៊ុនមិនស្របច្បាប់ នៅ​ប្រទេសវៀតណាម​ ហើយបានបម្រើការងារអស់រយៈពេល២ឆ្នាំ។​

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបង្ហោះ​លើ Facebook ផ្ទាល់ខ្លួនដែរថា «ពលការិនីបម្រើការងារតាមផ្ទះ ដែលបានចាញ់បោកមេខ្យល់ នាំទៅរកការងារតាមរយៈ​ក្រុមហ៊ុន​មិនស្របច្បាប់វៀតណាម ហើយបានបញ្ជូនទៅធ្វើការនៅប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ទទួលរងគ្រោះ​ខ្ញុំបានចាត់ចែង​ដោះស្រាយ ដឹកនាំមកកម្ពុជាវិញ នៅយប់ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ២០១៩»។

បន្ថែមពីនេះ លោក អូស្មាន ហាស្សាន់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ​កុំស្វែងរកការងារនៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនដែលពុំមានអាជ្ញាប័ណ្ណ ស្របច្បាប់ ឬ​អនុវត្តន៍​មិនត្រឹមតាមនិតិវិធីឲ្យសោះ ព្រោះ​នាំ​មាន​គ្រោះថ្នាក់ និង​រងគ្រោះ​ដូចករណីខាងលើនេះ។

គួរបញ្ជាក់ផងដែរ នេះគឺជាលើកទី៦​ហើយ ដែលលោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង​ស្ថានទូតកម្ពុជាប្រចាំនៅអេហ្ស៊ីប ដែលបានដោះស្រាយជូនពលការិនីរងគ្រោះ បានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព ដែលស្ត្រីរងគ្រោះទី១​៖ឈ្មោះ ម៉ាត់ សាណាស់ (សុះ រ៉ទស់) បានមកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០១៧, ទី២៖ឈ្មោះ អេង ពៅ បានមកដល់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨, ទី៣៖ឈ្មោះ ម៉ាន គីរ៉ស់ បានមកដល់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨, ទី៤៖ឈ្មោះ កែន ចន្ថា បានមកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ និង​ទី៥៖ឈ្មោះ លី សំរ៉ោះ បានមកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨៕​