(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានកក់កៅអី១ ដើម្បីឡើងទៅវគ្គ៤ក្រុមចុងក្រោយ (Semi-final) នៃពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U22 Championship 2019 បន្ទាប់ពីយកឈ្នះគូប្រជែង U22 មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រីថ្ងៃពុធ ទី២០ ខែកុម្ភៈ។

នេះជាការរកបានជ័យជម្នះលើកទី២ មាន ៦ពិន្ទុពេញបន្តឈរនៅកំពូលតារាងនៃពូល B ក្រោយយកឈ្នះ U22 ម៉ាឡេស៊ី ១-០ កាលពីរាត្រីថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ។ កម្ពុជា មានឱកាសនាំមុខ ១គ្រាប់មុនផងដែរតាំងពីនាទីទី១៦ តែទាត់បាល់ប៉េណាល់ទី ១១ម៉ែត្រអត់ចូលដែលត្រូវបានអ្នកចាំទីខាងមីយ៉ាន់ម៉ាជួយសង្រ្គោះបាន មុនពេលកីឡាករ យ៉ើស សាហ្វី ពែនចូលទីយ៉ាងស្អាតនៅនាទីទី២៦ និងមិត្តរួមក្រុម សុខ សុផាណាត់ ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទីទី៥១ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។

ឆ្លងកាត់ ២ប្រកួតរបស់ក្រុម U22 កម្ពុជា ឈ្នះទាំងអស់ មិនដែលចាញ់ និងស្មើឡើយ ថែមទាំងរក្សាសំណាញ់ទីមិនឲ្យគូប្រកួតទាត់ចូលនោះឡើយ ដែលអាចប៉ះក្រុម U22 វៀតណាម ឬក៏ U22 ថៃ ដែលកំពុងឈរនៅកំពូលតារាងនៃពូល A នៅសល់១ប្រកួតបង្រ្គប់កិច្ចដូចគ្នា ខណៈកម្ពុជាត្រូវជួប U22 ឥណ្ឌូនេស៊ីនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបិទវគ្គសន្សំពិន្ទុក្នុងពូល B៕