(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលគ្រោងធ្វើឡើង នៅភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមាន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន។ គណៈកម្មការនេះ មានសមាសភាព២៣រូប។

ភារកិច្ចរបស់ គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី រួមមាន៖

* ពិនិត្យ និងកំណត់និយាមកាទីតាំងសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

* សិក្សាវាយតម្លៃថ្លៃដីនៅតំបន់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

* សម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទីតាំងដីដើម្បីបង្កលក្ខណៈដល់ដំណើរការ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

* សម្របសម្រួលជាមួយក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុន ដើម្បីដំណើរការអនុវត្តគម្រោងប្រព្រឹត្តទៅដោយជោគជ័យ

* ផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការបំពេញបែបបទផ្សេងៗ ដើម្បីឆ្លើយតបបានតាមតម្រូវការសម្រាប់ការអនុវត្តគម្រោង

* ពិនិត្យ និងផ្តល់យោបល់លើផែនការមេរបស់គម្រោង ក៏ដូចជាសំណូមពរផ្សេងៗ របស់ក្រុមហ៊ុនតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ

* ធ្វើរបាយការណ៍អំពីលទ្ធផលជូននាយកដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាដើម។

សូមជម្រាបថា គម្រោងព្រលានយន្តអន្តរជាតិភ្នំពេញ ដែលត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកនាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC លោក ពុង ខៀវសែ និងក្រុមហ៊ុនចិន ដើម្បីរួមគ្នាអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។

ដើម្បីសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕