(ភ្នំពេញ)៖ យុទ្ធសាស្ត្រនិងសេណារីយូដែលសម រង្ស៊ី និងបក្ខពួករួមមានអេង ឆៃអ៊ាង និងមូរ សុខហួរ ហូរ វ៉ាន់សមគំនិតគ្នារៀបចំឡើងដើម្បីស្តារតម្លៃ និងស្វែងរកទីតាំងឈរជើងនយោបាយឱ្យ សម រង្ស៊ី ដែលរួមមានការចាត់ទុកខ្លួនថាជាសំប៉ានសង្គ្រោះកប៉ាល់ខ្មោចបក្សសង្គ្រោះជាតិគឿងនៅកណ្តាលមហាសមុទ្រផង សេណារីយូតាំងខ្លួនធ្វើជាមេទ័ពជួយមកជួយសង្គ្រោះ មេបក្សកឹម សុខា ពីគុកផង បានទទួលបរាជ័យយ៉ាងអាម៉ាសមិនអាចជួយសង្គ្រោះជីវិតនយោបាយសម រង្ស៊ី បានឡើយ ប៉ុន្តែយុទ្ធសាស្ត្រនិងសេណារីយូដែលបានរៀបចំឡើងនេះបានទាញទម្លាក់តម្លៃ សម រង្ស៊ី ឱ្យធ្លាក់បាត់សូន្យក្នុងឆាកនយោបាយខ្មែរដោយសារតែការបន្តប្រើនយោបាយបោកប្រាស់ភូតកុហកឥតឈប់ឈរ។ ពាក្យចាស់បានពោលថា «ភូតច្រើនចាញ់អាត្មា»ហើយសម រង្ស៊ី និងបក្ខពួកនៅពេលនេះកំពុងតែចាញ់ខ្លួនឯងយ៉ាងអាម៉ាស់ជាទីបំផុត ព្រោះក្រុមកឹម សុខា បានដឹងពីល្បិចកលដ៏ខ្មៅកខ្វក់របស់សម រង្ស៊ី តាមរយៈការបង្កើតចលនា ឧទ្ទាមខុសច្បាប់ និងធ្វើបក្សប្រហារគឺមិនដែនដើម្បីជួយសង្គ្រោះ កឹម សុខា ឡើយគឺគោលដៅធំដើម្បីដណ្តើមការគ្រប់គ្រងខ្មោចបក្ស សង្គ្រោះជាតិ និងកសាងឥទ្ធិពលនយោបាយនៅក្នុងក្រុមអ្នកប្រឆាំងឡើងវិញ។

ការចាញ់ចុងក្រោយរបស់សម រង្ស៊ី គឺការយកជីវិតនិងសេរីភាពរបស់កឹម សុខា មកភ្នាល់ជាល្បែងលេងនិង មិនគោរពសន្យាវិលចូលស្រុកវិញប្រសិនបើភ្នាល់ចាញ់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពេលនេះគឺតម្លៃសម រង្ស៊ី បានបាត់បង់អស់រលីងទៅហើយ ជាប់ឈ្មោះថាជាមេបោកប្រាស់ និងជាអ្នកធ្វើនយោបាយបែបប្រជោបាយនិយម និង ប្រជាភិថុតិនិយមតែប៉ុណ្ណោះ។

តម្លៃរបស់សម រង្ស៊ីគ្មានទៀតឡើយគឺគ្រាន់តែជាទណ្ឌិតដែលច្បាប់តាមរកមុខនិងជា មនុស្សដែលក្រុមប្រឆាំងបាត់បង់ជំនឿទុកចិត្តនិងបាត់បង់ការគាំទ្រទាំងស្រុង។ ការណ៍នេះបានធ្វើឱ្យអ្វី ដែល សម រង្ស៊ី និងបក្ខពួកបានធ្វើ ត្រូវបាត់បង់ ហើយល្បិចកលយកកឹម សុខាមកភ្ជាប់ខ្លួនដំឡើងតម្លៃខ្លួនឯង ដើម្បីអាចស្ថិតក្នុងកញ្ចប់នៃការដាក់សម្ពាធរបស់បរទេសមកលើកម្ពុជា ឬការចរចានយោបាយ ក៏បានបរាជ័យរួចទៅហើយដែរ ព្រោះចៅហ្វាយនាយបរទេសក្រុមប្រឆាំងមិនបាននឹកនាសូម្បីតែសំណេរក៏គ្មានឈ្មោះសម រង្ស៊ី ដែរ គឺមានតែឈ្មោះ កឹម សុខា ប៉ុណ្ណោះ។

ការធ្វើបក្សប្រហារដណ្តើមការគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិក៏ត្រូវបានក្រុមកឹម សុខា ដឹងពីគោលដៅពិត និងបានបរិហាររិះគន់ដោយលើកឡើងថាមនុស្សក្រៅបក្សមក
ដណ្តើមបក្សពីគេគ្រប់គ្រង។ នយោបាយគ្មានគុណធម៌របស់សម រង្ស៊ី គឺបានយកជីវិតរបស់កឹម សុខាមកភ្នាល់ជាល្បែងក៏បានធ្វើឱ្យសម រង្ស៊ី អស់តម្លៃនិងជាអ្នកនយោបាយអត្តទត្ថបុគ្គល គិតពីផលប្រយោជន៍ខ្លួន ឯង ទោះបីជានរណាស្លាប់ឬជាប់គុកក៏មិនខ្វល់ឡើយ ធ្វើយ៉ាងណាឱ្យសម្រេចមហិច្ឆតាខ្លួនេងសិន។ សម រង្ស៊ី គ្មានការគោរពក្នុងចំណោមអតីតសកម្មជនរបស់ខ្លួន ក៏ព្រោះតែសម រង្ស៊ី បានប្រមាថនូវសពបណ្ឌិតកែម ឡីថាស្លាប់ឥប្រយោជន៍ និងប្រមាថការជាប់គុករបស់ កឹម សុខា និងអ្នកនយោបាយមានទោសផ្សេងទៀតថា ជាប់គុកគ្មានប្រយោជន៍ មិនអាចស្រោចស្រង់ប្រទេសជាតិបានឡើយគឺគួរតែស្ថិតនៅក្រៅប្រទេស ដូចខ្លួនបានអាចធ្វើសកម្មភាពតស៊ូសព្វបែបយ៉ាងបាន រាប់ទាំងបោកលុយអ្នកគាំទ្រខ្លួនផងដែរ។

ពេលនេះ សម រង្ស៊ី យីអ៊ុនក៏ដាក់ អារក្ខក៏ជាន់! គិតអ្វីក៏មិនត្រូវ ធ្វើអ្វីក៏ខុស! រៀបចំសេណារីយូចង់ សង្គ្រោះខ្លួនក៏ត្រូវបរាជ័យដែរ! អ្វីដែលសម រង្ស៊ី នៅសេសសល់គឺមានតែការអង្គុយធ្វើគ្រូទាយនយោបាយតែប៉ុណ្ណោះព្រោះមានតែរបរទស្សន៍ទាយនេះទេ ដែលអាចឱ្យ សម រង្ស៊ី បន្តល្បិចបោកប្រាក់រៃអង្គាសថវិកា សម្រាប់ខ្លួនឯង និងបក្ខពួកខ្លួនបានបន្តទៀត។ ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួនដែលបានចាញ់បោក សម រង្ស៊ី និងបក្ខពួកកំពុងសើរើសួររកមូលនិធិទូរទស្សន៍ព្រះអាទិត្យថវិកាជិត ១លានដុល្លារតើទៅដល់ណាហើយ? ចុងក្រោយនេះ អេង ឆៃអ៊ាង ដែលជាគ្រូបាអាចារ្យធំរបស់ សម រង្ស៊ី បន្ទាប់ពីជូឡុង សូមួរ៉ា បានប្រកាសថា ត្រូវការថវិកាចំនួន ៣០ម៉ឺនដុល្លារដើម្បីរៀបចំឱ្យ សម រង្ស៊ី ចូលស្រុក ប៉ុន្តែមិនទាន់ទាំងបានប៉ុន្មានផង សម រង្ស៊ី ប្រកាសមិនចូលស្រុក ចុះថវិកាដែលប្រមូលបាននេះតើត្រូវធ្វើយ៉ាងណា ព្រោះបងប្អូនខ្លះខំប្រវេប្រវ៉ារក ប្រាក់មកចូលរួមជាមួយក្រុមសម រង្ស៊ី ទាំងខ្លួនខណៈខ្លួនមានការជួបការលំបាកក្នុងជីវភាពរបស់ខ្លួនផង?

សូម្បីតែលោក គង់ គាំ ដែលបានចំណាយពេល ២០ ឆ្នាំធ្វើការជាមួយសម រង្ស៊ី ក៏បានវាយប្រហារលើទណ្ឌិតរូបនេះថាគ្មានយុទ្ធសាស្ត្រច្បាស់លាស់ និងបានត្រឹមតែបោកប្រាស់អ្នកគាំទ្រខ្លួន។ លោកគង់ គាំ បានវាយប្រហារចំៗទៅលើ អេង ឆៃអ៊ាង ផងដែរដែលជាសេនាដៃស្តាំរបស់សម រង្ស៊ី ដោយសរសេរនៅលើហ្វេសប៊ុកខ្លួនថា៖ «ប្រធានស្តីទី CNRP (បក្សប្រហារ CNRP រលាយ) និងក្រុមក្រៅច្បាប់មួយក្តាប់ ក្នុងនោះមានម្នាក់ (អេង ឆៃអ៊ាង) ពេលលោក កឹម សុខា មានបញ្ហា និងពេល CNRP ត្រូវរំលាយ គេនាំណាំថាសូមនៅស្ងប់ស្ងៀម។ ឥឡូវមនុស្សដដែលថា (សំដៅដាក់កំហុសឱ្យថ្នាក់ដឹកនាំ CNRP ក្នុងប្រទេស) ពិតជាបានធ្វើកំហុសយុទ្ធសាស្ត្រ គឺមិនព្រមក្រោកតវ៉ាពេលអំណាច ហ៊ុន សែន ចាប់កឹម សុខា ដាក់គុកនៅត្រពាំងផ្លុង ហើយពេលតុលាការកំពូលកម្ពុជារំលាយ CNRP ក៏មិនព្រមងើបឈរដែរ។ ប៉ុន្តែពេលនេះ មនុស្សដដែលនោះ (ដើម្បីសម រង្ស៊ី ប្រធានស្តីទី) គេបានប្រកូកប្រកាសសូមបងប្អូនទាំងក្រៅទាំងក្នុងប្រទេសងើបឡើងជូន និងទទួលការវិលចូលកម្ពុជារបស់ប្រធានស្តីទីដ៏មហិមារបស់យើង។ បងប្អូននៅក្រៅដែលមិនអាចជូនដំណើរបាន សូមជួយប្រាក់ចុះ យើងត្រូវការសាមសិបម៉ឺនដុល្លារ - កុំគិតអាប្រាក់វិទ្យុ ទូរទស្សន៍ព្រះអាទិត្យ វាមិនបាត់ទៅណាទេ គឺយើងបូជាកុំស្តាយស្រណោះឱ្យសោះ។ ប្រធានយើង (វៃឆ្លាតណាស់-ឈ្នះជានិច្ច)។ ចាញ់រត់ចេញ ឈ្នះរត់ចូល មិនចាញ់បោកគេទេ មានតែគាត់ទេដែលចេះបោកគេ។ ប្រធានស្តីទី (រស់តែពាក្យ ត្រគាកងាប់ស្តូក) មួយម៉ាត់ (មុន)គាត់ថាសុខចិត្តបូជាជីវិត មួយម៉ាត់ (ក្រោយ)គាត់ថាមេដឹកនាំដែល “បូជាជីវិត” ឬ “សុខចិត្តជាប់គុក” គឺឥតប្រយោជន៍។ សម រង្ស៊ី ខ្ញុំគឺ (ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញអោយស្រីមើល ក្រពើនៅរស់បងមិនសូវហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់អោយស្រីមើល)។ លោក គង់ គាំ បានបន្ថែមទៀតថា៖ «ខ្ញុំ គង់ គាំ ប្រធានកិត្តិយសគណបក្ស ឆន្ទៈខ្មែរ យល់ថាគំនិតសម រង្ស៊ី រាក់កំផែល ភូតត្លុក ភូតត្រពាំង បោកប្រាសលើគោក។ …អំណាចហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់ឆ្លងកាត់ភាពឯកោពីបស្ទឹមប្រទេសយ៉ាងយូរកាលពីមុន ពេលនេះពិតជាមានសមត្ថភាព លទ្ធភាពជម្នះការលំបាកចំពោះមុខ ហើយសម្រេចជោគជ័យដូចបណ្តាប្រទេសដែលគ្មានការអនុគ្រោះពន្ធពីអឺរ៉ុបដទៃទៀតដែរ»

សម រង្ស៊ី ពេលនេះពិតជាអស់លក្ខណ៍ និងគ្មានឱកាសទៀតឡើយ ព្រោះសម រង្ស៊ី ខ្លួនឯងបានបំផ្លាញខ្លួនឯង និងបានបំផ្លាញអ្នកដទៃថែមទៀតផង។ អ្វីដែលសម រង្ស៊ី នឹងទទួលបានសម្រាប់ជីវិតនយោ បាយចុងក្រោយរបស់ខ្លួនគឺជាចង្វាក់ដំរីដែលមានខ្នោះ និងគុករង់ចាំតែប៉ុណ្ណោះប្រសិនបើថ្ងៃណាមួយប្រែ ចិត្តវិលចូលស្រុកវិញ ហើយបើបន្តធ្វើជាអ្នកក្កាហានគង់ហ៊ាន កំសាកបន្តទៀត គឺត្រូវចោលឆ្អឹងនៅលើទឹកដីប្រទេសបារាំង ជាប្រទេសកំណើតទី២ របស់ខ្លួនដូចឪពុកខ្លួនដែរ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩