(កំពត-ភ្នំពេញ)៖ កម្លាំងនគរបាលខេត្តកំពត សហការគ្នាជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, នគរបាលខេត្តត្បូងឃ្មុំ, នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តក្រចេះ បានបើកប្រតិបត្តិការបង្ក្រាបដោយជោគជ័យ នូវមុខសញ្ញាលួចរថយន្ដចំនួន៣នាក់ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មនៅតាមបណ្ដាខេត្តនានា។

ក្រោយការបង្ក្រាបក្រុមចោរទាំងនេះ ក៏ត្រូវបានតុលាការខេត្តកំពត សម្រេចចេញដីកាឃុំខ្លួនក្រុមចោរទាំងនេះ ដាក់ពន្ធនាគារផងដែរ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស សមគំនិតលួច និងទទួលផលចោរកម្ម។

មន្រ្តីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ដើម្បីឈានដល់បង្ក្រាបករណីនេះទទួលបានជោគជ័យ មានការបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាតាមបណ្តាខេត្ត។

​ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ដោយក្នុងនោះកម្លាំងសមត្ថកិច្ចទទួលបានលទ្ធផលដូចខាងក្រោម

*កាលពី​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ ឆ្នាំ២០១៩​ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យម្នាក់​ឈ្មោះ​ សុំ​ ហ៊ី​ន​​ អាយុ​១៨​ឆ្នាំ​ កំណើត​ភូមិ​យស់​ ឃុំ​ប្ញ​ស្សី​សាញ់​ ស្រុក​ស៊ី​ធរ​កណ្តាល​ ខេត្តព្រៃវែង​ បច្ចុប្បន្ន​នៅ​ភូមិ​សាមគ្គី​ ឃុំ​ស្វាយ​ជ្រះ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ដោយ​រឹបអូស​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​។​

*​កាលពី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យម្នាក់​ឈ្មោះ​ រ៉ា​ ឌី​ឡា​​​ អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​គគី​ ឃុំ​គគី​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ ដោយដកហូតបានរថយន្ត​ RX300​ ពណ៌​ស​ ១​គ្រឿង​។​

*​កាលពី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យម្នាក់ឈ្មោះ​ ជុំ​ លី​ម​សុង​ ហៅ​ហ្គោ​ ​​អាយុ​៣១​ឆ្នាំ​ កំណើត​ភូមិ​អូរ​លាវ​ ឃុំ​ផ្ទះ​កណ្តាល​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​។​ បច្ចុប្បន្ន​នៅ​ភូមិ​ផ្សារ​ចាស់​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​ ​រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ តាម​ចម្លើយ​សារភាព​របស់​ជន​នេះ​សមត្ថកិច្ច​ រឹបអូស​បាន​រថយន្ត​កាម​រី​បា​ឡែ​ន​ ពណ៌​ទឹកប្រាក់​ ១​គ្រឿង​។​

សម្រាប់រថយន្តទាំងនេះ ត្រូវបាននគរបាលប្រគល់ជូនម្ចាស់វិញ មានទីលំនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ៕