(ឈីកាហ្គោ)៖ ក្មេងៗសរុប០៣នាក់ និងស្ត្រីម្នាក់​បានបង់ជីវិត នៅក្នុងករណី​បាញ់ប្រហារ​មួយនៅសង្កាត់​ជាយក្រុង គែនត៍ (Kent) នៃរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក កាលពីរសៀល​ថ្ងៃច័ន្ទ (ម៉ោងនៅ​ភាគកណ្តាល​អាមេរិក)។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមមន្ត្រីប៉ូលិស​នៅកន្លែងកើត​ហេតុ ក្មេងៗដែលបានបាត់បង់ជីវិតនោះ គឺជាក្មេងរៀន​នៅបឋមសិក្សា ប៉ុន្តែ​ពុំមានព័ត៌មាន​បន្ថែមទៀតអំពីអត្តសញ្ញាណ​ជនរងគ្រោះ​ ត្រូវបាន​បានបញ្ជាក់ឲ្យ​ដឹងបន្ថែម​នោះឡើយ ខណៈស្ត្រី​ម្នាក់​ផងដែរបាន​បាត់ជីវិត ដោយទាំងអស់គ្នា​មានស្លាកស្នាម​នៃការបាញ់ប្រហារ​ជាប់ដង​ខ្លួន។

គួរបញ្ជាក់ថា មិនទាន់មាន​ការបញ្ជាក់ថា តើករណីបាញ់​ប្រហារខាងលើនេះ​ត្រូវបាន​បង្កឡើង​ដោយជនណា​នោះឡើយ ខណៈប៉ូលិស​នៅតំបន់ភាគខាងជើងរដ្ឋ Michigan បានអះអាងថា វាទំនងជាពុំបង្កគ្រោះថ្នាក់ណាផ្សេងទៀត ដល់សាធារណជន​នោះឡើយ ហើយ​​សមត្ថកិច្ច​ត្រូវការពេល​ស៊ើបអង្កេតបន្តទៅ​មុខទៀត។ សម្រាប់រយៈពេល​កំឡុងដើម​ឆ្នាំ២០១៩នេះ គេសង្កេតឃើញ​មានករណីបាញ់ប្រហារ​ជាបន្តបន្ទាប់ បានកើតឡើង​នៅទូទាំង​​សហរដ្ឋអាមេរិក៕