(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចព្រមព្រៀងទីក្រុងបារីស ២៣ តុលា ឆ្នាំ១៩៩១ មិនបានផ្តល់អំណាចឱ្យសហរដ្ឋអាមេរិក ឬប្រទេសណាមួយ ត្រួតត្រា ឬលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។

ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានអះអាងថា ការណ៍ដែលអាមេរិក បានលូកលាន់ចំពោះករណីលោក កឹម សុខា នាថ្មីៗនេះ ដោយសារតែមានមូលហេតុ២យ៉ាង ក្នុងនោះគឺអាមេរិក គឺជាសមាជិកហត្ថាលេខី នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលត្រូវ​មានទំនួលខុសត្រូវត្រួតពិនិត្យថា លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានគោរព នៅក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អាមេរិកគ្មានសិទ្ធិអ្វីដែលនឹងមិនត្រួតពិនិត្យប្រទេសកម្ពុជានោះទេ។ ជាមួយគ្នានេះ លោកបានបង្ហាញការសង្ស័យថា ការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូតអាមេរិក ទំនងជាមិនឆ្លុះបញ្ចាំងអំពីជំហររបស់សហរដ្ឋអាមេរិកនោះឡើយ ដោយសារតែពេលនេះស្ថានទូតអាមេរិក មិនទាន់មានអគ្គរដ្ឋទូត ដើម្បីដឹកនាំនៅឡើយ។ លោកបានចោទសួរថា តើការចេញសេចក្តីប្រកាសដែលធ្វើឱ្យប៉ះពាល់ដល់កម្ពុជាថ្មីៗនេះ នរណាជាអ្នកទទួលខុសត្រូវ?

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក​ន្លងទៅ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា តាមរយៈ Facebook បានបង្ហោះសារមួយការពារ លោក កឹម សុខា អតីតប្រធាន នៃគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពុងចោទប្រកាន់ ពាក់ព័ន្ធនឹងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការលើកឡើងបញ្ហារបស់លោក កឹ​ម សុខា ពីសំណាក់ស្ថានទូតអាមេរិក គឺជាទង្វើខ្វះការទូត និងមិនគោរពអធិបតេយ្យភាពរបស់កម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកាយវិការនេះ។ ក្រសួងការបរទេសចាត់ទុកសារអត្ថាធិប្បាយតែមួយជ្រុងលើរឿងក្តីរបស់លោក កឹម សុខានេះ បង្ហាញនូវចេតនាយ៉ាងច្បាស់ដើម្បីបំភាន់សាធារណៈមតិ។ ​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើបែបនេះ ហើយចាត់ទុកកាយវិការនេះថា មិនមានលក្ខណៈការទូត និងមិនគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។

«ក្រសួងការបរទេស ត្រូវបង្ខំចិត្តក្រើនរំលឹកដល់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ អំពីមាត្រា៤១នៃអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត ដែលជាពិសេសតម្រូវឱ្យស្ថានទូតសហរដ្ឋអាមេរិក គោរពច្បាប់និងបទប្បញ្ញត្តិនានា និងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ»។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា៕