(ភ្នំពេញ)៖ ការអប់រំពិតមានសារៈសំខាន់ សម្រាប់មនុស្សរស់នៅ ក្នុងសង្គមបច្ចុប្បន្ន ជាពិសេសសម្រាប់កុមារតូចៗ ដែលជាធនធានសំខាន់ទៅថ្ងៃក្រោយ ហើយការអប់រំមិនមែនសំដៅ ទៅលើតែការបញ្ជូនកូនៗ ទៅសាលាតែមួយមុខទេ តែរួមបញ្ចូលជាមួយការអប់រំរបស់ឪពុកម្ដាយ ទៅកាន់កូនៗដោយផ្ទាល់ផងដែរ។ ប្រសិនបើងាកទៅមើលចំណោទ បញ្ហាមួយក្នុងក្រុមគ្រួសារ ពេលបច្ចុប្បន្ននេះ គឺការខ្វះការយកចិត្ដទុកដាក់ និងការចំណាយពេលមិនបានគ្រប់គ្រាន់ របស់ឪពុកម្ដាយទៅកាន់កូនៗ។

ដោយសារតែកង្វះពេលវេលា ភាពរវល់ ការទុកកូនចោលបានធ្វើឱ្យកុមារបង្កើតទម្លាប់មិនល្អ ក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិច និងផលិតផលបច្ចេកវិទ្យាជាច្រើន ដែលនេះជាបញ្ហាធ្វើឱ្យមានការបង្កើតគម្លាតជាមួយឪពុកម្ដាយ បង្កើតភាពឆេវឆាវរបស់កូន ពេលដែលមិនបានអ្វីដែលពួកគេចង់បាន មិនស្គាល់ច្បាស់នូវបរិយាកាសខាងក្រៅ និងបង្កើតនូវបញ្ហាសុខភាពផងដែរ។ 

ជាមួយនឹងបញ្ហាទាំងអស់នេះ អ្នកជំនាញចិត្ដសាស្រ្ដ លោក ហឿ សេធុល បានស្នើឲ្យឪពុកម្ដាយគ្រប់រូប គួរតែចំណាយពេលយកចិត្ដទុកដាក់លើកូនៗឲ្យបានច្រើន និងគួរតែស្វែងយល់ពីតម្រូវការ ការយកចិត្ដទុកដាក់ និងការវិវឌ្ឍកុមារ ដោយការបង្កើតទម្លាប់អានជាមួយកូន ឬចាប់ផ្ដើមសកម្មភាពកម្សាន្ដឲ្យបានច្រើន ជាជាងការឲ្យទូរស័ព្ទដៃ ឬគ្រឿងអេឡិចត្រូនិចផ្សេងៗ។ 

មិនតែប៉ុណ្ណោះ លោកស្រី ខូយ រ៉ានី ដែលជាអ្នកជំនាញអប់រំកុមារតូចបានលើកឡើងដែរថា កុមារគួរតែទទួលបានការយកចិត្ដទុកដាក់ និងការនៅជិតឲ្យបានច្រើនពីឪពុកម្ដាយ ដើម្បីបង្កើតនូវទំនាក់ទំនង និងការយល់ដឹងរបស់កូនៗ ដូចទៅនឹងទ្រឹស្ដីបទរបស់ «holistic child development» ដែលផ្ដោតសំខាន់ទៅលើការយល់ដឹង ពីការលូតលាស់របស់កុមារ ការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ ការវិវឌ្ឍន៍ផ្នែកសិក្សាដូចជា ភាសា ការគិត ការច្នៃប្រឌិត និងការដោះស្រាយបញ្ហាផ្សេងៗ។

លោកស្រីក៏បានបន្ថែមផងដែរថា ការវិវឌ្ឍន៍របស់ខួរក្បាលកុមារ ជាផ្នែកសំខាន់ ដែលឪពុកម្ដាយគួរយល់ដឹងថា តើអាយុកម្រិតណាដែលក្មេងគួរសិក្សាជំនាញអ្វី។

បញ្ហាចោទផ្សេងៗដែលមាននៅក្នុងគ្រួសារ នឹងត្រូវបានលើកឡើងបន្ថែមនៅក្នុងសិក្ខាសាលាស្តីពី «វិធីសាស្ត្រអប់រំកូន» ដែលមានការចូលរួមពីវាគ្មិនកិត្ដិយស២រូប គឺលោក ហឿ សេធុល ដែលជាអ្នកជំនាញចិត្ដសាស្ដ្រ ឯកទេសប្រឹក្សាបញ្ហាគ្រួសារជាមួយនឹង បទពិសោធន៍ជាក់ស្ដែងជាង២០ឆ្នាំ និងលោកស្រី ខូយ រ៉ានី ដែលអ្នកជំនាញអប់រំកុមារតូច និងមានបទពិសោធន៍៨ឆ្នាំ ធ្វើការជាមួយឪពុកម្តាយ ឬអាណាព្យាបាលកុមារ និងគ្រូបង្រៀនជាមួយនឹងប្រធានបទសំខាន់ៗដូចជា៖

ទី១៖ ស្វែងយល់ពីការវិវឌ្ឍ និងតម្រូវការរបស់កុមារ
ទី២៖ បង្កើតទំនាក់ទំនងវិជ្ជមានជាមួយកូន
ទី៣៖ វិធីសាស្ត្របណ្ដុះទម្លាប់ល្អ វិន័យ និងឥរិយាបថសកម្ម
ទី៤៖ ដោះស្រាយបញ្ហាកូនរឹង ខូច មិនស្ដាប់បង្គាប់
ទី៥៖ វិធីសាស្ត្របណ្ដុះភាពវៃឆ្លាតកុមារ

សិក្ខាសាលាស្តីពី «វិធីសាស្ត្រអប់រំកូន» បានរៀបចំការផ្ដល់ជូនពិសេសទៅកាន់មាតាបិតា ដែលមានបំណងចង់ចូលរួមជាមួយនឹង ការទិញសំបុត្រចូលរួមចំនួនពីរសន្លឹក នោះនឹងទទួលបានម្សៅទឹកដោះគោម៉ាក Pedia Sure ចំនួន១កំប៉ុង។ សំបុត្រមានតម្លៃត្រឹមតែ ១៨ដុល្លារប៉ុណ្ណោះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៣ កុម្ភៈ ២០១៩ និងតម្លៃ២៥ដុល្លារ សម្រាប់ការទិញក្នុងថ្ងៃកម្មវិធី រួមជាមួយនឹងការទទួលបានអត្ថប្រយោជន៍ដូចជា អាហារសម្រន់និងអាហារថ្ងៃត្រង់ ការប្រឹក្សាយោបល់ជាមួយអ្នកជំនាញដោយផ្ទាល់ លិខិតបញ្ជាក់ការចូលរួម និងអត្ថប្រយោជន៍ផ្សេងៗទៀត។

សិក្ខាសាលាស្តីពី «វិធីសាស្ត្រអប់រំកូន» នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅសាលាអន្ដរជាតិសង្ហិបុរី SCIA ចាប់ពីម៉ោង ៩ព្រឹក ដល់៤ល្ងាច៕