(ស្វាយរៀង)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ភោធអគារធនាគារជាតិ សាខាខេត្តស្វាយរៀង ដើម្បីដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ។ ពិធីនេះមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងអភិបាលរងខេត្ត មន្ត្រីរាជការ និងភ្ញៀវកិត្តិយស ប្រមាណជាង៦០០នាក់ផងដែរ។

បើតាមលោក ជូ គឹមជរ នាយកសាខាធនាគារជាតិ នៃកម្ពុជា បានថ្លែងថា ដោយបានពិនិត្យឃើញការអភិវឌ្ឍ រីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គមនិងហេដ្ឋារចនាសម្ព័ន ក្នុងខេត្តស្វាយរៀង និងដើម្បីរួមចំណែកអនុវត្តន៍កម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រដ្ឋាភិបាលផង និងចូលរួមចំណែក ក្នុងការប្រកួតប្រជែងទីក្រុងស្អាតផងនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ជាពិសេសលោក ជា ចាន់តូ បានសម្រេចអនុញ្ញាតឲ្យសាងសង់អគារថ្មី ជំនួសអគារចាស់នៅលើទីតាំងចាស់បច្ចុប្បន្ន ឲ្យមានលក្ខណៈទំនើប រឹងមាំនិងមានសុវត្ថិភាព ដោយបានធ្វើពិធីបញ្ចុះបឋមសិលា សាងសង់កាលពីថ្ងៃ២៩ ខែតុលា ឆ្នាំ២០១៧ និងប្រើរយៈពេលសាងសង់ចំនួន១៥ខែ ទើបរួចរាល់ជាស្ថាពរ។

លោកនាយកធនាគារជាតិសាខាខេត្តស្វាយរៀង បានបន្តទៀតថា អគារថ្មីនេះមានកម្ពស់១៨,២៥ម៉ែត្រ មានទំហំ២៨ម៉ែត្រគុណនឹង២៦ម៉ែត្រ និងមានជាន់ផ្ទាល់ដី ជាន់ទី១និងជាន់ដំបូល។ ហើយសំណង់អគារនេះ ត្រូវបានសាងសង់ឡើង តាមបែបស្ថាបត្យកម្មជំនាន់ខ្មែរ-បារាំង។

លោក ជា ចាន់តូ បានកោតសរសើរដល់បុគ្គលិក និងថ្នាក់ដឹកនាំនៃធនាគារជាតិសាខាខេត្តស្វាយរៀងទាំងអស់ ដែលបានបំពេញការងារ ទទួលបានផ្លែផ្កាសម្រាប់ពង្រឹងធនាគារជាតិ ឲ្យរឹងមាំហើយសមិទ្ធផលអគារដ៏ប្រណីតនេះ បានកើតឡើងស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ជា ចាន់តូ បានបន្តថា ជាមួយគ្នានេះ ដើម្បីធានាការវិវត្តរីកចម្រើន នៃវិស័យមីក្រូហិរញ្ញវត្ថុ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ធនាគារជាតិនៃកម្ពុជាសាខាខេត្តស្វាយរៀង ត្រូវបន្តតាមដានចំពោះការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទនានា ក៏ដូចជាសកម្មភាពខុសច្បាប់របស់ជនខិលខូច និងអ្នករកស៉ីចងការប្រាក់ មិនមានច្បាប់អនុញាតត្រឹមត្រូវមួយចំនួន ព្រមទាំងបន្តខិតខំជំរុញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់សេវារបស់ខ្លួនឲ្យកាន់តែមានលក្ខណៈអនុគ្រោះ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ក៏ដូចជាសហគមន៍ កសិកម្ម សំដៅលើកស្ទួយសេដ្ឋកិច្ចជនបទ និងពង្រីកការផ្តល់ឥណទាន ដល់សហគ្រាសធនតូច និងមធ្យមផងដែរ។

ហើយលើសពីនេះដើម្បីបន្តពង្រឹង កិច្ចគាំពារអតិថិជន ធនាគារជាតិនៃកម្ពុជា សាខាខេត្តស្វាយរៀង ក៏បានដាក់ឲ្យដំណើរការប្រព័ន្ធ សេវាទូរស័ព្ទ Hotline សម្រាប់សាធារណៈជនទំនាក់ទំនង ប្រសិនបើត្រូវព័ត៌មានបន្ថែម មានចម្ងល់ ឬមានបញ្ហា ស្តីពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ។ ទាំងនេះគឺជាទិសដៅសំខាន់ៗ របស់ធនាគារជាតិនៃកម្ពុជាសាខា ខេត្តស្វាយរៀង៕