(ភ្នំពេញ)៖ លោកស្រី ម៉េង សុភារី មេធាវីម្នាក់របស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានមុខវាយប្រហារលោក សម រង្ស៉ី ជាថ្មីម្តងទៀត ចំពោះការក្រឡាស់សម្តី មិនត្រឡប់មកប្រទេសកម្ពុជា។

លោកស្រី ម៉េង សុភារី បានអះអាងនៅលើបណ្តាញសង្គម Facebook របស់លោកស្រី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះដូច្នេះថា៖ «ខ្ញុំខិតខំអត់ធ្មត់ណាស់ សូមចាំថាការអត់ធ្មត់មានដែនកំណត់ ហើយការឈឺចាប់នឹងធ្វើឱ្យមនុស្សលែងដូចដើម។ ដល់វេលាត្រូវអនុវត្តសន្យាមិនហ៊ានមក បែរជានិយាយបណ្តុះបង្អាប់ការលះបង់របស់អ្នកដទៃ ដើម្បីលើកតម្លៃខ្លួនឱ្យខ្ពស់ និងដើម្បីឱ្យពលរដ្ឋភ្លេចសន្យារបស់លោក។ ចង់ខ្ពស់ក៏ខ្ពស់ចុះ ខ្ញុំអបអរសាទរតែរហូតមកទេ ប៉ុន្តែកុំជាន់គេដើម្បីឡើងខ្ពស់ខ្លួនឯង អាណិតអ្នកស្លូតត្រង់ផង»

កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ បានប្រកាសតាមរយៈវិទ្យុអាស៊ីសេរី (RFA) ថា នឹងត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ នៅពេលដែលមាន​ទណ្ឌកម្មពីអន្តរជាតិធ្ងន់ធ្ងរ មិនអាចចូលនៅពេលនេះទេ។ ពោលគឺលោកនឹងមិនវិលត្រឡប់មកកម្ពុជា ទៅតាមការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នោះឡើយ។

លោក សម រង្ស៉ី បានលើកឡើងថា បើសិនជាលោកវិលត្រឡប់មកកម្ពុជា តាមអ្វីដែលលោកបានបបួល សម្តេចតេជោ ហ៊ុន សែន ភ្នាល់នោះលោកនឹងត្រូវចាប់ខ្លួន។ លោកលើកហេតុផលថា បើសិនជាមេដឹកនាំណាត្រូវជាប់គុកនោះ នឹងធ្វើឱ្យអ្នកគាំទ្ររូបលោកទាំងអស់មានការបាក់ស្បាត មិនហ៊ានតស៊ូតទៅទៀត។

ទោះបីជានិយាយជាទូទៅ ប៉ុន្តែការលើកឡើងរបស់ លោក សម រង្ស៉ី បែបនេះ ក៏ហាក់ដូចជាវាយប្រហារជាថ្មីដល់ លោក កឹម សុខា ដែលសុខចិត្តជាប់ពន្ធនាគារនៅក្នុងប្រទេស មិនរត់គេចខ្លួនដូច លោក សម រង្ស៉ី។

លោកស្រី ម៉េង សុភារី មេធាវីរបស់ លោកកឹម សុខា បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះការក្រឡាស់របស់ លោក សម រង្ស៉ី នាពេលនេះ។ លោកស្រីចាត់ទុកថា ល្បែងនយោបាយដែលលោក សម រង្ស៉ី កំពុងលេងនេះ បានធ្វើឱ្យអ្នកគាំទ្រ លោក សម រង្ស៉ី វាយប្រហារទៅលើ លោក កឹម សុខា និងក្រុមរបស់លោកស្រី។

លោកស្រី បានបញ្ជាក់ថា «តើ សម រង្ស៉ី និងកឹម សុខា ជាមនុស្សតែមួយស្អីទៅ បើកាលះបង់របស់ កឹម សុខា សម រង្ស៉ី មើលមិនឃើញហើយថែមទាំងជាន់ចោលទៀត មិនឱ្យតម្លៃស្មើការរត់របស់លោកផងហ្នឹង! បើថាមនុស្សតែមួយ ទាល់តែអ្វីៗទាំងអស់ឱ្យតម្លៃស្មើគ្នា»

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់ខ្លួនដោយ បបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះដាក់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ, សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឲ្យចាប់ខ្លួន»