(បន្ទាយមានជ័យ)៖ កាលពីពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ ដល់អាជ្ញាធរដែនដី ក៏ជាប្រជាពលរដ្ឋត្រូវមានវិធានការជាបន្ទាន់ ដើម្បីរក្សាទឹកទុកប្រើប្រាស់ ឲ្យបានគ្រប់គ្រាន់ ដោយសាតែតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅរដូវប្រាំងឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាយើងនឹងជូបគ្រោះរាំងស្ងួតខ្លាំង ដោយសាតែបាតុភូតធម្មជាតិ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានជម្រាបជូនដំណឹង និងមានសកម្មភាពផ្សព្វផ្សាយជាបន្តបន្ទាប់ តាមគ្រប់រូបភាពដល់ប្រជាពលរដ្ឋទូទាំងខេត្ត ឲ្យបានដឹង និងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីបង្ការនឹងបញ្ហានេះ។

ប៉ុន្តែថ្វីបើមានការជូនដំណឹងបែបនេះក៏ដោយ ក៏គេនៅតែសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋជាកសិករ នៅតាមបណ្ដាស្រុកក្រុងមួយចំនួន ដែលមានសក្ដានុពលផលិតស្រូវ ដូចជាស្រុកភ្នំ ស្រុកជាដើម នៅតែសម្រុកធ្វើស្រូវប្រាំងលើកទី២ បន្ទាប់ពីការធ្វើស្រូវប្រាំងលើកទី១កន្លងមក ទទួលបានទិន្នផលល្អ និងមានទីផ្សាសមរម្យ។ ការធ្វើស្រូវប្រាំងលើកទី២ ច្រើនហួសផែនការកំណត់ បានធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព្វ​ ស្របពេលដែលអាងទឹកត្រពាំងថ្ម ដែលជាអាងស្តុកទឹកដ៏ធំជាងគេនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កំពុងតែរីងរាក់ជាបន្តបន្ទាប់។ នេះបើតាមការឲ្យដឹងពីលោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក។

លោកអភិបាលស្រុកភ្នំស្រុក បានឲ្យដឹងនាថ្ងៃទី១៨ ខែកុម្ភៈ ថា ទោះបីជាជួបបញ្ហាបែបនេះក្ដី រដ្ឋបាលស្រុកបានខិតខំខ្នះខ្លែង មានវិធានការជួយប្រជាពលរដ្ឋ បានទាន់ពេលវេលា ដោយបានទំនាក់ទំនងសុំការសហការពីខេត្តឧត្តរមានជ័យ បើកបង្ហូរទឹកពីទំនប់អាតោ តាមប្រឡាយបេតុង ដើម្បីជូយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ។

ដោយឡែក ចំពោះទឹកប្រើប្រាស់ប្រចាំថ្ងៃវិញនាពេលបច្ចុប្បន្ន មានបណ្តាញទឹកស្អាតប្រើប្រាស់ សឹងតែគ្រប់ផ្ទះតាមទីជនបទ មានស្រះទឹកតាមទីវត្តអារាម និងជាពិសេសស្រះទឹកខ្នាតយក្ស ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់ជួប្រជាពលរដ្ឋ នៅតាមតំបន់ដែលធ្លាប់ប្រឈមនឹងការខ្វះខាតទឹក ប្រើប្រាស់នាពេលកន្លងមក។

លោក យឹម សំណាង បានបន្តថា ក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យការងារឆ្នាំ២០១៨របស់ក្រសួង ដើមខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោបានមានប្រសាសន៍ថា ផ្អែកតាមការព្យាករណ៍ឆ្នាំនេះ អាចនឹងមានអាកាសធាតុក្ដៅហួតហែង ហើយរដូវប្រាំត្រូវអូសបន្លាយយូរជាងមុន ដូច្នេះសូមឲ្យក្រសួងធនធានទឹក ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យប្រភពទឹកតាមមូលដ្ឋាន ទាំងប្រភពទឹកសម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃនិងបង្កបង្កើនផលរដូវប្រាំង ដើម្បីមានវិធានការការពារ និងប្រើប្រាស់ប្រភពទឹក ដែលនៅសេសសល់ សម្រាប់ប្រើប្រាស់ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា នៅឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលរង(ដោយប្រយោល) ពីឥទ្ធិពលបាតុភូតអ៊ែលនីណូ។

ឥទ្ធិពលនៃបាតុភូតនេះ​ នឹងបង្កឲ្យធាតុអាកាសនៅកម្ពុជានារដូវប្រាំងនេះ (ពិសេសក្នុងខែមេសា-ខែឧសភា) មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរិមានៅពេលខ្លះ អាចហក់ឡើងដល់៤០–៤២អង្សា មានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើនរដូវវស្សា មកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ៕