(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមូលដ្ឋានធ្វើការពិនិត្យ និងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍​ អ៊ី ឈាន បាននាំបណ្តាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិនទាំងអស់ និងសូមជូនពរឲ្យមានសុខភាពល្អ និងអាយុយឺនយូរ គ្រប់ៗគ្នា។

ប្រធានក្រុមការងារ ក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងប្អូនៗយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានយកចិត្តទុកដាក់ជួយដល់សុខមាលភាពប្រជាពលរដ្ឋ នៅខេត្តប៉ៃលិន ព្រោះបច្ចុប្បន្ននេះនៅខេត្តប៉ៃលិន មានការខ្វះខាតនៅផ្នែកបច្ចេកទេស និងសម្ភារមិនទាន់ទំនើបសំបូរបែបនៅឡើយ ដូច្នេះនៅពេលនេះ បានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជួយព្យាបាលដល់ប្រជាពលរដ្ឋ គឺជាការជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

នាយឧត្តមសេនីយ៍ ​អ៊ី ឈាន បានបន្តថា សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាបានចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ដូច្នេះក៏បានសំណូមពរឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងក្រុមការងារសហការទាំងអស់ បន្តសកម្មភាពរបស់ខ្លួន ក្នុងការចូលរួមចំណែកជួយ ដល់ប្រជាពលរដ្ឋខេត្តប៉ៃលិនបន្ថែមទៀត។

សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី១-ចំនួន ២១៦នាក់ ធ្វើនៅបរិវេណសាលារៀនបឋមសិក្សាបឹងព្រលឹង ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងថ្ងៃទី២- ចំនួន២០០នាក់ ធ្វើនៅផ្ទះលោកចៅសង្កាត់បរយ៉ាខា ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដោយចាប់ផ្តើមពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ជាមួយក្រុមគ្រូពេទ្យជំនាញជម្ងឺទូទៅ រួមទាំងសម្ភារៈបរិក្ខាពេទ្យទំនើបៗ និងឱសថដែលមានគុណភាព ក្រោមការឧបត្ថម្ភទាំងស្រុងពីសំណាក់ នាយឧត្តមសេនីយ៍​ អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ៕