(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជាសាខាខេត្តស្វាយរៀង បានសម្ពោធអគារថ្មីស្រឡាងមួយ ស្ថិតនៅចំកណ្ដាលក្រុងស្វាយរៀង និងប្រកាសដាក់ឲ្យប្រើប្រាស់​ជា​ផ្លូវការ នៅព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ខែឆ្នាំ​២០១៩នេះ។

ការសម្ពោធអាគារថ្មីនេះ ធ្វើឡើង​ក្រោមការចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ​នៃ​កម្ពុជា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្រ្ដីធនាគារជាតិជាច្រើនរូបផងដែរ។

លោកនាយកធនាគារជាតិសាខា​​ខេត្ត​ស្វាយរៀងឲ្យដឹងថា អគារសាខា​ធនាគារជាតិ​​សាខា​ខេត្តស្វាយរៀង ដែលដាក់សម្ពោធឱ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅថ្ងៃនេះ ​ជា​អគារ​ទំនើប​សម័យថ្មី​មួយ ដែលដំណើរការដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ និង​មាន​ប្រព័ន្ធ​ការពារសន្ដិសុខកម្រិតខ្ពស់។

លោកបន្ដថា អគារថ្មី​នេះ​បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ដែលមានបណ្ដោយ២៨ម៉ែត្រ និងទទឹង២៦​ម៉ែត្រ តាម​រចនាបទ​ជំនាន់ខ្មែរ​-បារាំង​ហើយអគារនេះជាអាគារទី៤ ដែលមានរចនាបទបែបនេះ បន្ទាប់ពីអគារសាខា​ធនាគារជាតិ​ ខេត្តបាត់ដំបង, ខេត្តកំពត និងខេត្តព្រៃវែង។

លោក ម៉ែន វិបុល បានសម្ដែងការរីករាយអបអរសាទរ និងបានចាត់ទុកសមិទ្ធលផលថ្មីនេះ បញ្ជាក់ពីការរីកចម្រើន និងការធំធាត់របស់វិស័យធគារជាតិប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកលើកស្ទួយមុខមាត់ទឹកដីខេត្តស្វាយរៀង ឲ្យកាន់តែស្រស់ត្រកាលថែមទៀត។

លោក ជា ចាន់តូ បានឲ្យដឹងថា អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ​ខេត្តស្វាយយរៀងថ្មីនេះ នឹងផ្តល់នូវ​សារសំខាន់​ថ្មីមួយ​ទៀត​ សម្រាប់​បម្រើ​លើ​វិស័យ​ធនាគារជាតិ​នៅ​កម្ពុជា​ពិសេសសម្រាប់ទឹកដីខេត្តស្វាយរៀង ទាំងមូលឲ្យទទួលបានការរីកចម្រើន និងមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត។

លោក ជា ចាន់តូ បញ្ជាក់ថា ការសាងសង់អគារថ្មីនេះគឺ ដើម្បីឆ្លើយយតបទៅនឹងការអភិវឌ្ឍរីកចម្រើននៃ វិស័យសេដ្ឋកិច្ចរបស់ខេត្តស្វាយរៀង និងតម្រូវការចាំបាច់ក្នុងការគ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការរូបិយវត្ថុ ក៏ដូចជាការជំរុញការលើកកម្ពស់ប្រាក់រៀល ឱ្យកាន់ទូលំទូលាយថែមទៀត។

លោកបន្ថែមថា សមិទ្ធផលថ្មីនេះមិនត្រឹមតែបង្ហាញពី ការអភិវឌ្ឍរីកចម្រើនក្នុងធនាគារ ខេត្តស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកក្នុងការអនុវត្តន៍កំណែទំរង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល និងបានលើកតម្កើនសោភ័ណ្ឌភាព ក្រុងស្វាយរៀងកាន់តែស្រស់ស្អាតថែមទៀងផង៕