(ប៉ៃលិន)៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត​ប៉ៃលិន នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា យកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេស គឺការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អ ស្របតាមអភិក្រម ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានប្រសិទ្ធភាព សំដៅធ្វើឲ្យប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ។

ការជំរុញណែនាំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ដោយមានការចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំអង្គភាពជំនាញ ជុំវិញខេត្ត អភិបាលក្រុង-ស្រុក ព្រមទាំងសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ ជាច្រើនរូបផងដែរ។

ដើម្បីបំបាត់នូវបញ្ហាអសកម្មមួយចំនួន លោក អ៊ី ឈាន បានជំរុញដល់រដ្ឋបាលខេត្តប៉ៃលិន ក្រុមការងារថ្នាក់ជាតិ អង្គភាពជំនាញជុំវិញខេត្ត និងមន្ត្រីតាមមូលដ្ឋានភូមិ ឃុំ ក្រុង/ស្រុកទាំងអស់ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូន ដល់ប្រជាពលរដ្ឋឲ្យបានល្អ ហើយត្រូវចុះផ្ទាល់ដល់គ្រួសារប្រជាពលរដ្ឋ ដោយខិតខំដោះស្រាយនូវរាល់សេវា និងសំណូមពររបស់ពួកគាត់ ជាពិសេស ជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើបែបបទឯកសារគតិយុត្តផ្សេងៗ និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោក អ៊ី ឈាន បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាយើង បានប្រសូត្រចេញពីប្រជាជន ដែលប្រជាជនបានបោះឆ្នោតគាំទ្រផ្តល់ទំនុកចិត្តអោយដឹកនាំប្រទេសបន្តទៀត ដូច្នេះយើងត្រូវបំរើប្រជាជន ឲ្យបានល្អ ធានាបាននូវក្តីសុខសាន្ត មានសិទ្ធិសេរីភាព ធ្វើឲ្យប្រជាជនមានជីវភាពធូរធាសម្បូរសប្បាយ។

ប្រធានបានបន្តទៀតថា នៅពេលខាងមុខនេះ យើងនឹងរៀបចំវេទិការសាធារណៈឲ្យបានញឹកញាប់ដើម្បីស្វែងយល់ពីការលំបាក និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយ នូវការលំបាកទាំងនោះជូនពួកគាត់ឱ្យបានទាន់ពេលវេលា ជាពិសេសបញ្ហាទាក់ទងទៅនឹង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៍ ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ បញ្ហាព្រៃឈើ បញ្ហាដីធ្លី បញ្ហាសុខាភិបាល និងបញ្ហាចំណាកស្រុករបស់ប្រជាពលរដ្ឋជាដើម៕