(ភ្នំពេញ)៖ អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានតិះដៀលចំៗថា លោក សម រង្ស៉ី អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានធ្វើនយោបាយដូចឆ្កែកន្ទុយខ្វៀន ដោយបានភូតកុហកបោកប្រាក់ប្រជាពលរដ្ឋខ្មែរ និងអ្នកគាំទ្រជាដដែលៗ ក្រោយពេលទណ្ឌិតដែលតុលាការតាមចាប់ខ្លួននេះ បានប្រែក្រឡាស់សម្តី មិនហ៊ានចូលប្រទេសតាមការសន្យា។

លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំ និយាយពីសំផឹងនយោបាយ ដែលគ្មានកេរខ្មាស់ពីចរឹតនយោបាយឆ្កែកន្ទុយខ្វៀន ដែលភូតភរបោកប្រាស់ដដែលៗ និងជានយោបាយគោះត្រឡោកបន្លំធ្វើផ្គរលាន់អត់ភ្លៀង ដែលសំផឹងនយោបាយ សម រង្ស៉ី ជាមេដឹកនាំ នេះគឺវាតែប៉ុណ្ណឹង!»

ការចេញមុខរិះគន់ និងវាយប្រហារយ៉ាងចាស់ដៃលើ ទណ្ឌិត សម រង្ស៉ី ពីសំណាក់អ្នកនយោបាយរូបនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី តាមរយៈវិទ្យុអាស៊ីសេរី (RFA) ដែលជាសារព័ត៌មានរណបនយោបាយរបស់លោក កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយប្រកាសនឹងត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ នៅពេលដែលមាន​ទណ្ឌកម្មពីអន្តរជាតិធ្ងន់ធ្ងរ មិនអាចចូលនៅពេលនេះទេ។

លោក សម រង្ស៉ី បានលើកឡើងថា បើសិនជាលោកវិលត្រឡប់មកកម្ពុជា តាមអ្វីដែលលោកបានបបួល សម្តេចតេជោ ហ៊ុន សែន ភ្នាល់នោះលោកនឹងត្រូវចាប់ខ្លួន ហើយនឹងធ្វើឱ្យអ្នកគាំទ្ររូបលោកទាំងអស់មានការបាក់ស្បាត មិនហ៊ានតស៊ូតទៅទៀត។ លោកបញ្ជាក់ដូច្នេះថា៖ «បើយើងឲ្យ (សម្តេច) ហ៊ុន សែន ចាប់ខ្លួននោះវាបានប្រយោជន៍ ពេលនោះយើងនឹងបាក់ស្បាតទាំងអស់គ្នា បើគេចាប់មេយើងបាន»

លោក សួន សេរីរដ្ឋា បានចាត់ទុកថា ការក្រឡាស់សម្តីរបស់ទណ្ឌិត សម រង្ស៉ី រហ័សបែបនេះ គឺជាមនុស្សគ្មានគុណធម៌ឡើយ។ លោកបញ្ជាក់ថា៖ «សំផឹងនយោបាយរូបនេះគ្មានគុណធម៌ និងនិយាយអ្វីមិនដែលពិតប្រាកដជាមួយនឹងអ្នកគាំទ្រទេ។ ឥឡូវដដែល... សំផឹងនយោបាយ សម រង្ស៉ី មិនហ៊ានចូលស្រុកដូចអួតទេ ! តើក្រុមអ្នកកាងបនសំផឹងនយោបាយ ដែលចូលចិត្តយកក្បាលធ្វើកន្ទបឲ្យ សម រង្ស៉ី នោះ ចេះផ្ងារ ខួរ ឬក៏បន្តផ្កាប់ខួរតទៅទៀត?»។

លោកបានរំលឹកថា កាលពីពេលលោក សម រង្ស៉ី ភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នោះលោកក៏បានប្រកាសភ្នាល់ជាមួយនឹងលោក សម រង្ស៉ី វិញដែរថា បើសិនបើ លោក សម រង្ស៉ី ហ៊ានវិលចូលស្រុកខ្មែរ ដោយគ្មានការសុំលើកលែងទោសពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នោះលោកហ៊ានដាក់ជីវិតនយោបាយដោយឈប់ធ្វើនយោបាយតែម្តង។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ ខណៈស្ថិតនៅទីលានវាលស្មៅវាយកូនហ្គោលមួយកន្លែង នៅទីក្រុងភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារខ្លីមួយ ដោយនិទានពីល្បិចខិលខូចរបស់មិត្តភ័ក្តិដែលបានវាយកូនហ្គោលជាមួយ ហើយព្យាយាមគេចខ្លួនមិនគោរពតាមការភ្នាល់។ ទោះជានិយាយមិនចំឈ្មោះ ប៉ុន្តែសាររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងភ្លាមៗ បន្ទាប់ពី លោក សម រង្ស៉ី ប្រកាសមិនចូលប្រទេសតាមការភ្នាល់។

សម្តេចតេជោ ហ៊ុន សែន បានរំលេចសារយ៉ាងដូច្នេះ «ថ្ងៃនេះវាយកូនគោលទៀតហើយដើម្បីសុខភាពផង​ និង​ការកម្សាន្តចុងសប្តាហ៍ផង។​ តែថ្ងៃនេះដៃគូរប្រកួតដែលបានលេងភ្នាល់ជាមួយខ្ញុំ​ លេងខូចខ្លាំងណាស់​ គាត់វាយបាល់ធ្លាក់ទឹកគេមើលឃើញគ្រប់គ្នា​ គាត់បែរជាដាក់បាល់ថ្មីវាយបន្តដោយមិនខ្វល់ពីបាល់ពិន័យសោះ។ ពេលនេះគាត់កំពុងចូលបន្ទប់ទឹក​ ខ្ញុំរង់ចាំខាងក្រៅ​ ប៉ុន្តែសង្ស័យថាគាត់មិនព្រមចេញមកទេដឹង​ ឬគាត់ទម្លាយទ្វារត់ចេញទៅក្រៅតារាងបាត់ហើយ។​ តែទោះយ៉ាងណា​ ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួតព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ដោយសំដីក្អេងក្អាងទៀតផង។​ សុំចេញមកប្រកួតបន្តណាអ្នកខ្លាំង​ កុំរត់ចោលទីលានប្រកួត»។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី​ កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់ខ្លួនដោយ បបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះដាក់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ, សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឲ្យចាប់ខ្លួន»