(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងដាក់បទបញ្ជាទៅកាន់នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីថា ត្រូវសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចនានាជាប្រចាំ ដើម្បីថែរក្សាការពារ សណ្ដាប់ធ្នាប់ សន្តិសុខសង្គម និងត្រូវបង្ក្រាបបទល្មើសផ្សេងៗ ដែលកើតមានឲ្យបានជោគជ័យ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ការដឹកនាំកងទ័ព ត្រូវអប់រំហ្វឹកហ្វឺនកងទ័ព ឲ្យមានសមត្ថភាពគ្រប់គ្រាន់ មានអត្តចរឹកត្រឹមត្រូវ សីលធម៌ ស្អាតស្អំ យល់ច្បាស់អំពីកាតព្វកិច្ច ភារកិច្ចដោយស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានលះបង់គ្រប់កាលៈទេសៈដែលជាតិត្រូវការ។

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មីរបស់កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក្នុងទឹកប្រមាណ៦៥ម៉ឺនដុល្លារ។

នៅក្នុងឱកាសនោះអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង ដែលបានចូលរួមផផងដែរនោះ បានកោតសរសើរចំពោះចំពោះសមិទ្ធផលនានា ដែលបាននិងកំពុងមានការអភិវឌ្ឍន៍រីកចំរើន នៅខេត្តមណ្ឌលគិរី ជាពិសេសអគារជាច្រើនសម្រាប់បំរើការងារនៅក្នុងមូដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីតែម្តង។ មិនតែប៉ុណ្ណោះ លោកអភិបាលខេត្ត បានជុំរុញឲ្យគ្រប់អង្គភាព
នានាជុំវិញខេត្តធ្វើការប្រឡងប្រណាំងគ្នា ឲ្យមានការអភិវឌ្ឍន៍រីកចំរើនសំណង់អគាររដ្ឋបាល សម្រាប់មន្រ្តីបំរើការងារ ក៏ដូចធ្វើការប្រកួតប្រជែងគ្នាធ្វើការអភិវឌ្ឍន៍ រាល់ហេដ្ឋារចនាសម្ព័ននានាទៅតាមជំនាញរបស់ខ្លួន។

នាយឧត្តមសេនីយ៍ បានថ្លែងថា ការកសាងអង្គភាព ត្រូវឲ្យមានការរីកចម្រើន មានកន្លែងធ្វើការសមរម្យ មានសណ្ដាប់ធ្នាប់ ការកសាងអគារអង្គភាពត្រូវមានរចនាបថជាខ្មែរ។ លោកបន្តថា ការចិញ្ចឹមទ័ពត្រូវថែរក្សាសុខភាព ថែទាំគ្រឿងបំពាក់ សម្លៀកបំពាក់ និងមានកន្លែងស្នាក់នៅត្រឹមត្រូវ ព្រមទាំងត្រូវថែទាំសម្បត្តិរបស់អង្គភាពឲ្យបានគង់វង្សល្អ។

លោកថា ការដឹកនាំកងទ័ពត្រូវធ្វើតាមពាក្យស្លោក កងទ័ពជាកូនចៅប្រជាជន ធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជន មកនៅឲ្យប្រជាជនស្រលាញ់ ទៅឲ្យប្រជាជននឹក ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរ ជាមួយមហាជន និងជាមួយសមត្ថកិច្ចគ្រប់ប្រភេទ។

ដោយឡែកលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឲ្យដឹងថា ការកសាង និងពិធិបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មីនេះ គឺមានការណែនាំ និងបញ្ជាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងគោលបំណងឲ្យសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានកន្លែងធ្វើការត្រឹមត្រូវ ដើម្បីឆ្លើយតបទៅតាមសំណូមពរ និងសេចក្តីត្រូវការ ស្របតាមការវិវឌ្ឍន៍ និងរីកចម្រើនរបស់អង្គភាព កងរាជអាវុធហត្ថពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបន្តថា អគារថ្មីនេះមានទំហំបណ្ដោយប្រវែង៥៦ម៉ែត្រ ទទឹង១១ម៉ែត្រ វេរ៉ងដាទំហំ៧ម៉ែត្រ គុណ៨ម៉ែត្រ មានកំពស់៣ជាន់ រយៈពេលសាងសង់ចំនួន២ឆ្នាំ ដោយចំណាយថវិកាសរុប៦៥ម៉ឺន ដុល្លារ ក្នុងនោះថវិការបស់នាយឧត្តមសេនីយ៍ សៅ សុខា ចំនួន១០ម៉ឺនដុល្លារ រួមនិងថវិការរបស់លោកអភិបាលខេត្តមណ្ឌលគិរី១ម៉ឺនដុល្លារផងដែរ៕