(បាត់ដំបង)៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៥០គ្រួសារ រស់នៅឃុំភ្នំសំពៅ បានទទួលអំណោយពីសប្បុរសជន និងលោក ហែម ថេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ បន្ទាប់ពីបានអំណោយហើយ ពួកគាត់បានលើកដៃសំពះថ្លែងអំណរគុណ ដល់ក្រុមការងារដែលបានដឹងសុខទុក្ខ និងចុះជួយប្រជាពលរដ្ឋទាន់ពេលវេលារហូតមក។

លោក ហែម ថេង បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រុមការងារបាននាំអំណោយចុះសួរសុខទុក្ខ និងចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារនេះ (មានសមាជិកចំនួន២០៩នាក់) ក្នុងនោះមានស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ក្មេងកំព្រា និងជនងាយរងគ្រោះ។

លោកប្រធានក្រុមការងារ បានបញ្ជាក់ថា អំណោយដែលបានចែកជូននេះ គឺបានមកពីសប្បុរសជន និងក្រុមការងារដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ធ្វើបុណ្យដល់ជនក្រីក្របំផុត យកមកចែកជូនមានសម្ភារមួយចំនួនដោយម្នាក់ៗទទួលបានរួមមាន៖ អង្ករចំនួន៥០គីឡូក្រាម, មីម៉ាម៉ាថៃ២កេះតូច, ត្រីខកំប៉ុង៣យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, មុងថៃ១, ភួយថៃ១, សារ៉ុង១, ក្រម៉ា១ និងថវិការចំនួន៥ម៉ឺនរៀល។ នៅក្នុងពិធីនោះដែរ ក្រុមការងារបានរៀបចំពិសារបាយសាមគ្គីរួមគ្នា រវាងល្រុមការងារ និងជនក្រីក្រទាំង៥០នាក់១ពេលផងដែរ។

ជនក្រីក្រទាំង៥០នាក់ បានថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានដឹងសុខទុក្ចប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ហើយអំណោយនេះ គឺបានជួយដោះស្រាយជីវភាពបានរយ:ពេល និងបន្តគាំទ្រក្រុមការងារឲ្យនៅជួយប្រជាពលរដ្ឋ នៅមូលដ្ឋានបន្តទៀតពិសេសថ្នាក់ដឹកនាំកំពូលមានសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចំរើនសម្បូរណ៍ សប្បាយដល់កូនចៅជំនាន់ក្រោយផងដែរ។

នៅក្នុងពិធីចែកអំណោយនេះផងដែរ ព្រះតេជគុណព្រះចៅអធិការវត្តភ្នំសំពៅ បានបិណ្ឌបាតដល់ក្រុមការងារជាសម្ភារ ដូចជាស៊ីម៉ងត៍១០តោន របងវត្ត១០ប្រឡោះ ក្រុមការងារបានទទួលយក និងប្រគេនតាមក្រោយ៕