(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកស្រី ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ក្នុងព្រឹត្តិការណ៍ការវាយប្រហារដោយគ្រាប់បែកអត្តឃាត នៅតំបន់ពុលវ៉ាម៉ា (Pulwama) ហ្សាំមូ (Jammu) និង កាស្មៀរ (Kashmir) ដែលបានបណ្តាលឲ្យបាត់បង់ជីវិតមន្រ្តីសន្តិសុខជាច្រើន កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

លិខិតរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា៖ «ខ្ញុំសូមចូលរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះលោកជំទាវ ដែលបានបាត់បង់នូវមន្ត្រីការពារ​សន្តិសុខជាច្រើនរូប នៅក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានកើតមានឡើង​នៅក្នុងតំបន់ ផាល់វ៉ាម៉ា, (Pulwama) ហ្សាំមូ (Jammu) និងកាស្មៀរ (Kashmir) កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩»

ប្រទេសកម្ពុជា​ថ្កោលទោសយ៉ាង​ពេញទំហឹង ចំពោះការវាយប្រហារ​ដោយ​អំពើភេរវកម្មនេះ និង​ឈរនៅសាមគ្គីភាព​ជាមួយឥណ្ឌាក្នុង​ខណៈនេះ ជាមួយនិងព្រួយបារម្ភ​យ៉ាងជ្រាលជ្រៅ។ កម្ពុជាប្តេជ្ញា​ចិត្តយ៉ាងមុតមាំ ក្នុងការចូលរួម​ចំណែកប្រយុទ្ធប្រឆាំង​នឹងអំពើភេរវកម្ម​គ្រប់ទម្រង់ និងគ្រប់រូបភាព​ទាំងអស់៕