(ភ្នំពេញ)៖ នៅសល់តែ១៣ថ្ងៃទៀតប៉ុណ្ណោះឱសានវាទសំរាប់ការភ្នាល់របស់ទណ្ឌិត សម រង្ស៊ី ជាមួយសម្ដេចតេជោ ហ៊ុន សែន នឹងចូលមកដល់ហើយ គឺបើគេដោះលែងលោក កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ, សម្ដេចតេជោ ហ៊ុន សែន នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះទណ្ឌិត សម រង្ស៊ី នឹងត្រូវវិលចូលមកឲ្យចាប់ខ្លួនយកទៅដាក់គុក។

តាមការវិភាគ មតិភាគច្រើនគេជឿជាក់ថា លោក កឹម សុខា នឹងមិនត្រូវអនុញាតឲ្យចេញដើរហើរដោយសេរីនៅមុនថ្ងៃទី៣ ខែមីនា នោះឡើយ ហើយទណ្ឌិត សម រង្ស៊ី ដែលចាញ់ការភ្នាល់ជាមួយ សម្ដេចតេជោ ហ៊ុន សែន ក៏មិនហ៊ានវិលចូលមកក្នុងប្រទេសដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ចអនុវត្តសាលដីកា នាំយកទៅដាក់គុកដើម្បីអនុវត្តទោសទណ្ឌរបស់ខ្លួនដូចគ្នាដែរ។

ទណ្ឌិត សម រង្ស៊ី ច្បាស់ជានូវចងចាំមិនទាន់ភ្លេចទេមើលទៅ កាលពីឆ្នាំ២០០៩ ក្នុងនាមខ្លួនជាតំណាងរាស្ត្របក្សប្រឆាំង បានដឹកនាំសហសេវិករបស់ខ្លួនទៅដកតម្រុយបង្គោលព្រំដែន ដោយគ្មានការអនុញាតនៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាបទល្មើសធ្ងន់ធ្ងរមួយ ហើយកាលណោះត្រូវបានលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង បញ្ជាសមត្ថកិច្ចដេញចាប់រត់ប្រផាប់ប្រភីងបាតជើងសព្រាតគេចពីខេត្តស្វាយរៀង រត់ទម្រាំមកដល់ភ្នំពេញវិញ ហើយបទល្មើសនោះក៏ត្រូវបានអយ្យការកសាងសំណុំរឿងចាត់ការតាមច្បាប់ដោយ
គ្មានការលើកលែងផងដែរ។

ឥឡូវ១០ឆ្នាំក្រោយ លោក កែវ សុធា ដែលជាព្រះរាជអាជ្ញា នៅខេត្តស្វាយរៀងកាលណោះ បានមកកាន់តួនាទីជាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីពេលនេះ គឺប្រៀបដូចដានកង់រទេះ វិលចុះវិលឡើង១០ឆ្នាំក្រោយជួបគ្នាដដែរ។ យោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់តុលាការ បានបង្ហើបឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងល្ហិចល្ហៀងថា ទណ្ឌិត សម រង្ស៊ី ត្រៀមវិលចូលស្រុកខាងមុខឆាប់ៗនេះភ្លាម លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសជំហរច្បាស់លាស់ត្រៀមដីកានាំខ្លួនទណ្ឌិត សម រង្ស៊ី រូបនេះ ដើម្បីយកទៅដាក់គុកអនុវត្តទោសទណ្ឌតាមច្បាប់ដោយមិនឲ្យរួចខ្លួននោះឡើយ។

អ្នកវិភាគខ្លះ នាំគ្នាទស្សន៏ទាយថា ទណ្ឌិត សម រង្ស៊ី នឹងមិនហ៊ានវិលចូលស្រុកដើម្បីដេកគុកនោះឡើយ ហើយអ្វីដែលទណ្ឌិតរូបនេះសន្យា វាគ្រាន់តែជាឧបាយកលដើម្បីស្វែងរកលុយកាក់ និងប្រជាប្រិយភាពម្ដងម្កាល ខណៈនយោបាយរបស់ខ្លួនដើរដល់ផ្លូវទាល់ វ័ន្តទាំងខ្លួន ជាប់ទាំងកតែប៉ុណ្ណោះ៕